(ហាវ៉ាណា)៖ នាវាកងទ័ពជើងទឹករុស្ស៊ីបានចូលមកដល់កំពង់ផែនៅទីក្រុងហាវ៉ាណា ប្រទេសគុយបានៅថ្ងៃពុធសប្តាហ៍នេះ ដែលជាសកម្មភាពមួយដែលត្រូវបានគេមើលឃើញថា ជាការបង្ហាញពីអំណាចយោធារបស់រុស្ស៊ី ចំពេលមានភាពតានតឹងខ្លាំងឡើងជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ការមកដល់របស់នាវាចម្បាំងទាំងនេះ រួមមាននាវាចម្បាំងមួយគ្រឿង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង បានកើតឡើងបន្ទាប់ពីមានសមយុទ្ធមីស៊ីលនៅក្នុងតំបន់អាត្លង់ទិក។

ទាំងមន្ត្រីអាមេរិក និងគុយបា បានបន្ធូរបន្ថយសារៈសំខាន់នៃការមកដល់របស់នាវាទាំងនេះ ដោយពណ៌នាថាវាជារឿងធម្មតា និងមិនមែនជាការគំរាមកំហែងទេ។ មន្ត្រីអាមេរិកមួយរូបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «គ្មានពេលណាមួយដែលកប៉ាល់ ឬនាវាមុជទឹកទាំងនោះ បានបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិកនោះទេ»។

យ៉ាងណាក៏ដោយ អ្នកជំនាញយោធាដូចជាលោក William Leogrande មកពីសាកលវិទ្យាល័យអាមេរិក បានបកស្រាយពេលវេលានៃដំណើរទស្សនកិច្ចនេះថា ជាសារយុទ្ធសាស្ត្រមួយរបស់រុស្ស៊ី ដោយសង្កត់ធ្ងន់ថា «នាវាចម្បាំងរុស្ស៊ីដែលមកបំពេញទស្សនកិច្ចនេះ គឺជាយុទ្ធសាស្ត្ររបស់លោក ពូទីន ក្នុងការរំលឹកដល់ លោក បៃដិន ថា ទីក្រុងមូស្គូអាចប្រកួតប្រជែងជាមួយទីក្រុងវ៉ាស៊ីនតោន នៅក្នុងដែនឥទ្ធិពលរបស់ខ្លួន»។

គុយបា ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងការខ្វះខាតធ្ងន់ធ្ងរ បានពង្រឹងចំណងមិត្តភាពជាមួយរុស្ស៊ី ដោយទទួលបានជំនួយយ៉ាងច្រើន រួមទាំងប្រេងផងដែរ។ ជាក់ស្តែងកាលពីខែមីនា​ រុស្ស៉ីបានបញ្ជូនប្រេងរុស្ស៊ីចំនួន ៩០,០០០តោនទៅប្រទេសគុយបាដើម្បីជួយសម្រាលការខ្វះខាត ហើយបានសន្យាថានឹងជួយទីក្រុងហាវ៉ាណាក្នុងគម្រោងជាច្រើន ចាប់ពីការផលិតស្កររហូតដល់ហេដ្ឋារចនាសម្ព័ន្ធ ថាមពលកកើតឡើងវិញ និងទេសចរណ៍។

នាវាកងទ័ពជើងទឹករុស្ស៊ីត្រូវបានគេរំពឹងថា នឹងបន្តនៅក្នុងទីក្រុងហាវ៉ាណា រហូតដល់ថ្ងៃទី ១៧ ខែមិថុនា។

គួររម្លឹកថា ក្នុងឆ្នាំ ១៩៦២ វិបត្តិមីស៊ីលគុយបាបានផ្ទុះឡើង នៅពេលដែលសហភាពសូវៀតបានឆ្លើយតប ទៅនឹងការដាក់ពង្រាយមីស៊ីលរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសតួកគី ដោយការបញ្ជូនកាំជ្រួចផ្លោងទៅកាន់ប្រទេសគុយបា ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នា ដែលនាំពិភពលោកទៅដល់មាត់ជ្រោះនៃសង្គ្រាមនុយក្លេអ៊ែរ៕