(បាងកក)៖ តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១២ ខែមិថុនានេះ បានកំណត់យកថ្ងៃទី១៨ ខែមិថុនា ដែលត្រូវនឹងថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបើកសវនាការជំនុំជម្រះលើ សំណុំរឿងញត្តិទាមទារឱ្យរំលាយគណបក្សប្រឆាំង Move Forward។ Move Forward ជាបក្សដែលឈ្នះអាសនៈបានច្រើនជាងគេ ក្នុងការបោះឆ្នោតសកល កាលពីឆ្នាំមុន ប៉ុន្តែក្រុមសមាជិករដ្ឋសភានិងព្រឹទ្ធសភាអភិរក្សនិយម បានរារាំងមិនឱ្យបក្សនេះ អាចបង្កើតរដ្ឋាភិបាលបាន ដែលមួយផ្នែកគឺដោយសារតែគោលនយោបាយរបស់ Move Forward ដែលមានគោលដៅចង់ធ្វើកំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ដែលជាខែលការពារព្រះមហាក្សត្រ Maha Vajiralongkorn ពីការរិះគន់ទាំងឡាយ។

តុលាការធម្មនុញ្ញរបស់ថៃ បានយល់ព្រមទទួលយកញត្តិរបស់គណៈកម្មការរៀបចំការបោះឆ្នោត ដែលបានស្នើឱ្យរំលាយគណបក្ស Move Forward ជុំវិញកម្មវិធីនយោបាយធ្វើ កំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ កាលពីខែមេសាកន្លងទៅ។ ការដាក់ញត្តិនេះត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោត អះអាងថាធ្វើឡើងដោយសំអាងលើការចេញ សេចក្ដីសម្រេចមួយរបស់តុលាការធម្មនុញ្ញដែលថាកិច្ចប្រឹងប្រែងរបស់ Move Forward ពាក់ព័ន្ធច្បាប់ការពារស្ថាប័នព្រះមហាក្សត្រ គឺស្មើទៅនឹងសកម្មភាពប៉ុនប៉ងផ្តួលរំលំរបប រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរបស់​ប្រទេសថៃ។

ក្រៅតែពីប្រឈមមុខនឹងការរំលាយបក្ស អតីត និងសមាជិករដ្ឋសភាបច្ចុប្បន្នមួយចំនួនមកពីបក្ស Move Forward ចំនួន៤៤រូប ក្នុងនោះរួមមានទាំងលោក Pita Limjaroenrat ដែលសព្វថ្ងៃជាទីប្រឹក្សារបស់គណបក្ស កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់គណៈកម្មការប្រឆាំងអំពើពុករលួយ (NACC)។ ប្រសិនបើ NACC រកឃើញការរំលោភបំពានក្រម វិន័យធ្ងន់ធ្ងរ នោះគណៈកម្មការនេះនឹងបញ្ជូនសំណុំរឿងបន្តទៅកាន់តុលាការកំពូល ហើយបើតុលាការកំពូលចេញសាលក្រមប្រឆាំង Move Forward នោះបុគ្គលពាក់ព័ន្ធ នឹងមិនអាចបន្តធ្វើសមាជិកសភា ឬកាន់តំណែងនយោបាយណាមួយទៀតនោះទេ ឬក៏អាចនឹងត្រូវបានហាមមិនឱ្យធ្វើនយោបាយរាប់ឆ្នាំ ទៀតផង។

ទាញចេញពីមេរៀនដែល Future Forward Party (FFP) ជាគណបក្សដើមរបស់ Move Forward ត្រូវបានតុលាការធម្មនុញ្ញរំលាយចោលកាលពីឆ្នាំ២០២០ មេដឹកនាំគណបក្សប្រឆាំង លោក Chaithawat Tulathon បាននិយាយថា Move Forward បានត្រៀមគណបក្សបម្រុងមួយរួចជាស្រេច ដើម្បីទទួលយកសមាជិកសភា របស់ខ្លួនទាំង ១៥១រូប ក្នុងករណីដែលតុលាការធម្មនុញ្ញថៃចេញសាលក្រមរំលាយគណបក្ស។ បានន័យថាសមាជិកសភា ដែលមិនត្រូវបានជម្រុះចោលនឹងអាចរក្សាសមាជិក ភាពរបស់ខ្លួន ប្រសិនបើពួកគេទៅចូលរួមជាមួយគណបក្សនយោបាយថ្មី ក្នុងរយៈពេល៦០ថ្ងៃ។ ក្នុងសេណារីយ៉ូបែបនេះ វាក៏អាចទៅរួចដែរថាសមាជិកសភាខ្លះអាចនឹង ទៅចុះចូលជាមួយគណបក្សប្រឆាំងដទៃ ដើម្បីរក្សាអាសនៈរបស់ខ្លួននៅសភា។

អតីតមេដឹកនាំគណបក្ស Future Forward លោក Thanathorn Juangroongruangkit បានជំរុញឱ្យសមាជិកសភាបក្ស Move Forward បន្តតស៊ូនៅក្រោមឈ្មោះបក្ស នយោបាយថ្មីមួយ ក្នុងគោលបំណងបន្តរក្សាកម្មវិធីនយោបាយធ្វើកំណែទម្រង់ប្រជាធិបតេយ្យ។ ប៉ុន្តែ បញ្ហាសំខាន់គឺនៅត្រង់ថាតើគណបក្សថ្មីនឹងបន្តរក្សាកម្មវិធីនយោបាយ ធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រតទៅទៀត ឬក៏យ៉ាងណានោះទេ? ព្រោះថាបើនៅតែបន្តបក្សថ្មីនេះនឹងនៅតែត្រូវប្រឈមមុខនឹងការរំលាយជាដដែលៗ។ ដូច្នេះ ប្រសិនបើប្រឈមមុខនឹងការរំលាយ ពួកគេអាចនឹងដកថយមួយជំហានពីធ្វើការធ្វើកំណែទម្រង់ច្បាប់នេះ ដើម្បីការរស់រានមានជីវិតនៃនយោបាយ។

ការអំពាវនាវឱ្យមានការធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាកម្មវិធីនយោបាយមួយដ៏មានប្រជាប្រិយភាពនៅក្នុងចំណោមចលនាយុវជនថៃ ដែលបានលេចមុខឡើង ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២១។ តែទោះជាបែបនេះក្ដី ការអំពាវនាវនេះ រងការជំទាស់យ៉ាងខ្លាំងពីក្រុមអ្នកភិរក្សនិយមមានភក្ដីភាពចំពោះព្រះមហាក្សត្រថៃ។ ជាមួយនោះ តុលាការធម្មនុញ្ញបានដាក់ការរឹតត្បិតយ៉ាងខ្លាំងលើការពិភាក្សាលើការធ្វើកំណែងទម្រង់ច្បាប់នេះ និងបានបង្គាប់ឱ្យគណបក្ស Move Forward លុបចោលសំណើធ្វើកំណែទម្រង់ ចេញពីគេហទំព័ររបស់បក្ស និងបញ្ឈប់រាល់ការទំនាក់ទំនងទាំងឡាយពាក់ព័ន្ធនឹងការធ្វើវិសោធនកម្ម ហើយអនុវត្តតាមច្បាប់មានស្រាប់នាពេលបច្ចុប្បន្ន។

ម្លោះហើយជាជម្រើសផ្សេងមួយទៀត នោះគឺការងាកទៅផ្ដោតលើការធ្វើកំណែទម្រង់ប្រជាធិតេយ្យបែបសេរីនិយមដទៃ ក្នុងបរិបទនៃកំណើនយុវជន នៅក្នុងប្រទេសថៃដែលតម្រូវ បក្សនយោបាយត្រូវបត់បែនគោលនយោបាយរបស់ពួកគេឱ្យកាន់តែមានលក្ខណៈប្រជាធិបតេយ្យ និងសេរី ក៏ដូចជាឆ្លើយតទៅនឹងតម្រូវការចាំបាច់ខាងសេដ្ឋកិច្ច និងសង្គម។ ជាឧទាហរណ៍ សភាថៃកាលពីពេលថ្មីៗនេះបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា។ នៅត្រង់ចំណុចនេះ គណបក្ស Pheu Thai អាចនឹងលើក កម្ពស់សំណើធ្វើកំណែទម្រង់មួយចំនួនរបស់បក្ស Move Forward ក្នុងនោះរួមមានការកាត់បន្ថយអំណាចរបស់យោធា និងការដំឡើងប្រាក់បៀវត្សរ៍ ខណៈបន្តដកខ្លួននៅឱ្យឆ្ងាយ ពីគោលនយោបាយធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ។ គណបក្ស Pheu Thai ក៏អាចចាប់យកឱកាសទាញយកប្រយោជន៍ ពីសេណារីយ៉ូនៃការរំលាយគណបក្ស Move Forward ផងដែរ ដើម្បីប្រមូលការគាំទ្រត្រឡប់មកវិញ ជាពិសេសនៅក្នុងខេត្ត Chiang Mai តែម្ដង។ ធៀបទៅនឹងគណបក្ស Move Forward ដែលឈ្នះអាសនៈ៧ ក្នុងចំណោម អាសនៈសរុបចំនួន១០ ក្នុងខេត្ត Chiang Mai គណបក្ស Pheu Thai ឈ្នះបានអាសនៈត្រឹមតែ២ប៉ុណ្ណោះក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០២៣។

ការណ៍នេះបានបង្ហាញថាគណបក្ស MFP នៅតែរក្សាបានប្រជាប្រិយភាពក្នុងចំណោមប្រជាជនថៃភាគច្រើន។ តួយ៉ាងបើតាមការស្ទង់មតិធ្វើឡើងដោយវិទ្យាស្ថាន King Prajadhipok ចន្លោះពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែឧសភាកន្លងទៅនេះ ជាមួយអ្នកចូលរួមចំនួន ១៦២០នាក់នៅទូទាំងប្រទេស បង្ហាញថាប្រជាជនថៃភាគច្រើននៅតែបន្តគាំទ្រឱ្យ គណបក្ស Move Forward បង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ប្រសិនបើការបោះឆ្នោតសកលរៀបចំឡើងជាថ្មីក្នុងពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ថៃសព្វថ្ងៃកំពុងប្រឈមមុខនឹងស៊ូណាមិនយោបាយដល់ទៅ៣។ ទី១៖ ញត្តិដែលត្រូវបានដាក់ជូនតុលាការធម្មនុញ្ញដោយសមាជិកព្រឹទ្ធសភាថៃជាង ៤០រូប ទាមទារឱ្យដកលោក Srettha Thavisin ពីតំណែងជានាយករដ្ឋមន្ត្រីសម្រាប់ការតែងតាំងអតីតមេធាវីម្នាក់របស់លោក Thaksin ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ ពីបទពុករលួយឱ្យកាន់តំណែងជារដ្ឋមន្ត្រីម្នាក់ក្នុងការិយាល័យនាយករដ្ឋមន្ត្រី។ នៅថ្ងៃពុធ ទី១២ ខែមិថុនា តុលាការធម្មនុញ្ញថៃ បាននិយាយថាខ្លួននឹងបើកសវនាការជំនុំជម្រះ នាថ្ងៃទី១៨ ខែមិថុនា សម្រាប់សំណុំរឿងមួយ ដែលអាចនឹងឈានដល់ការដកតំណែងលោក Srettha។ រដ្ឋមន្រ្តីរូបនោះបានលាលែងពីតំណែងវិញ ក្រោយភាពចម្រូងចម្រាសបានផ្ទុះឡើង។ ទី២៖ ការចោទប្រកាន់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ពីបទប្រមាថព្រះមហាក្សត្រ និងទី៣៖ គឺញត្តិរំលាយគណបក្ស Move Forward៕