(អាថែន)៖ ប្រទេសក្រិកបានសម្រេចចិត្តបិទទីតាំងទេសចរណ៍បុរាណ Acropolis បិទទ្វារសាលារៀន និងដាក់ពង្រាយក្រុមគ្រូពេទ្យនៅទូទាំងទីក្រុងអាថែន កាលពីថ្ងៃពុធ ខណៈប្រឈមមុខនឹងរលកកម្ដៅដំបូងនៃរដូវក្ដៅ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងឡើងដល់៤៣អង្សាសេ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅក្នុងតំបន់មួយចំនួននៃប្រទេសមេឌីទែរ៉ាណេមួយនេះ ដែលជំរុញដោយខ្យល់បក់ពីភាគខាងត្បូង នាំមកនូវខ្យល់ក្ដៅ និងធូលីពីអាហ្វ្រិកខាងជើង។

ភ្នំ Acropolis ដែលជាទីតាំងនៃប្រាសាទបុរាណ Parthenon ដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក ត្រូវបានបិទទ្វារចាប់ពីថ្ងៃត្រង់ដល់ម៉ោង ៥ល្ងាច ហើយបុគ្គលិកកាកបាទក្រហម បានចែកទឹកដបដល់ភ្ញៀវទេសចរ។ ចំណែកឯ សាលាបឋមសិក្សា និងសាលាមត្តេយ្យជាច្រើននៅទូទាំងប្រទេស នឹងបិទទ្វាររយៈពេលពីរថ្ងៃផងដែរ។

ក្រិកគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ ដោយអាកាសធាតុខ្លាំងបំផុតនៅអឺរ៉ុប។ កាលពីឆ្នាំមុន ការកើនឡើងសីតុណ្ហភាព បានជំរុញឱ្យមានភ្លើងឆេះព្រៃដ៏សាហាវ និងភ្លៀងធ្លាក់មិនទៀងទាត់ បណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ដែលទាំងពីរនេះបានបំផ្លាញដំណាំ និងជីវភាពរស់នៅរបស់ប្រជាជន។

អ្នកវិទ្យាសាស្ត្រនិយាយថា រដូវរងាឆ្នាំមុន គឺក្ដៅបំផុតមិនធ្លាប់មាន និងមានភ្លៀងធ្លាក់តិចតួច បង្កើតលក្ខខណ្ឌសម្រាប់ភ្លើងឆេះព្រៃបន្ថែមទៀត។

លក្ខខណ្ឌអកាសធាតុស្រដៀងគ្នានេះ ក៏ត្រូវបានកើតមាននៅទូទាំងភាគខាងត្បូងអឺរ៉ុប រួមទាំងប្រទេសព័រទុយហ្គាល់ បារាំង អេស្ប៉ាញ និងអ៊ីតាលី ដែលភ្លើងបានឆាបឆេះបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ផងដែរ៕