(ឡាអេ)៖ អគ្គរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោក Karim Khan បើកការស៉ើបអង្កេតជាបន្ទាន់មួយ ទៅលើករណីសង្ស័យ នៃការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នៅក្នុងទីក្រុង Al-Fashir ដែលស្ថិតនៅភាគខាងជើងតំបន់ Darfur ប្រទេសស៊ូដង់ ហើយដែលបច្ចុប្បន្ន បានក្លាយទៅជាកន្លែងប្រយុទ្ធគ្នាថ្មីមួយទៀត រវាងកងទ័ពស៊ូដង់ និងកងកម្លាំងទាហានប៉ារ៉ា (RSF)។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ លោក Khan និយាយថា ICC បាននិងកំពុងការស៉ីបអង្កេតយ៉ាងសកម្ម ជុំវិញលទ្ធភាពនៃការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលអាចកើតមាន ក្នុងទីក្រុងនៃតំបន់ Darfur។ លោក Khan បានឱ្យដឹងទៀតថា ក្រុមស៉ើបអង្កេតរបស់លោក រកឃើញការចោទប្រកាន់ដ៏គួរឱ្យទុកចិត្តបាន នៃអ្វីដែលមើលទៅដូចជា ការវាយប្រហាររើសអើងជាតិសាសន៍ ប្រឆាំងនឹងជនស៉ីវិល ការវាយប្រហារលើមន្ទីរពេទ្យ និងករណីរំលោភបំពានផ្លូវភេទ ជាដើម។ លោក Khan បញ្ជាក់ថា «ខ្ញុំពិតជាមានការព្រួយបារម្ភ ចំពោះ​ការចោទប្រកាន់នៃ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ ថាត្រូវ​បាន​ប្រព្រឹត្ត​នៅ​ក្នុង Al-Fashir និង​តំបន់​ជុំវិញ ដូចដែលយើងធ្លាប់បាននិយាយ»

គួរបញ្ជាក់ថា សង្រ្គាមដណ្តើមអំណាចនៅស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣។ ឥលូវនេះ ទីក្រុង Al-Fashir នៅក្នុងតំបន់ Darfur គឺជាជម្រករបស់អ្នកស្រុក និងជនភៀសខ្លួនជាង ១.៨លាននាក់ ហើយជាកន្លែងប្រយុទ្ធគ្នាថ្មីចុងក្រោយ ក្នុងសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF៕