(មូស្គូ)៖ ស្នងការសិទ្ធិមនុស្សរុស្ស៉ី លោកស្រី Tatyana Moskalkova និយាយថា លោកស្រីបានលើកសំណើជាថ្មី ទៅកាន់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ (UN) និងក្រុមមន្ត្រីដទៃទៀត ឱ្យចាត់វិធានការដើម្បីធានាដល់ការដោះលែងចំណាប់ខ្មាំងជនជាតិរុស្ស៉ី ដែលត្រូវក្រុមហាម៉ាសចាប់ពង្រត់ទៅកាន់តំបន់ហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤។
ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៥០នាក់ដែលត្រូវក្រុមហាម៉ាសចាប់ខ្លួន នៅក្នុងការវាយឆ្មក់ចូលទឹកដីអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន មានចំណាប់ខ្មាំង ៨នាក់កាន់កាប់លិខិតឆ្លងដែនរុស្ស៉ី ប៉ុន្តែ ៣នាក់ត្រូវបានដោះលែងហើយ។ បច្ចប្បន្ននៅសល់ ចំណាប់ខ្មាំងសរុប ១១៦នាក់ទៀតនៅទីនោះ។ លោកស្រី Moskalkova បានបញ្ជាក់ថា «តាមការសន្ទនាមួយ ម្តាយរបស់ចំណាប់ខ្មាំង បានរៀបរាប់អំពីស្ថានភាពរបស់ពួកគេ នៅឯហ្កាហ្សា»។
គួរបញ្ជាក់ថា លោកស្រី Moskalkova បានជួបឧត្តមស្នងការ UN ទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk និងប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម លោកស្រី Mirjana Spoljaric ក៏ដូចជាមន្រ្តីផ្សេងទៀត។ ការលើកសំណើជាថ្មីនេះធ្វើឡើង បន្ទាប់ពីជំនួបមួយក្នុងទីក្រុងមូស្គូ ជាមួយសាច់ញាតិរបស់ចំណាប់ខ្មាំង៕