(យូអិន)៖ នៅថ្ងៃពុធនេះ ការស៉ើបអង្កេតមួយរបស់អង្គការសហប្រជាជាតិ (UN) បានចេញរបាយការណ៍សន្និដ្ឋានថា អ៉ីស្រាអែលបានប្រព្រឹត្ត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា (Gaza) ហើយទន្ទឹមនឹងនោះ ទាំងអ៉ីស្រាអែលនិងទាំង​ក្រុមហាម៉ាសប៉ាឡេស្ទីន សុទ្ធតែបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

របាយការណ៍ខាងលើ របស់គណៈកម្មការស៉ើបអង្កេតឯករាជ្យ Commission of Inquiry គឺជាការស៉ើបអង្កេតស៉ីជម្រៅដំបូងបំផុតរបស់ UN ជុំវិញព្រឹត្តិការណ៍ នៃសង្រ្គាមដែលបានផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ របាយការណ៍នោះ បានរកឃើញថា អ៉ីស្រាអែល បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបំពានច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ក៏ដូចជាច្បាប់សិទ្ធិមនុស្សអន្តរជាតិ (IHRL)។ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលអ៉ីស្រាអែលបានប្រព្រឹត្ត រួមមានដូចជា ការសម្លាប់រង្គាលចង់ឱ្យផុតពូជ ឃាតកម្ម ការប្រើហិង្សាយ៉ាង​អាក្រក់ដោយកំណត់គោលដៅលើ បុរសនិងក្មេងប្រុសប៉ាឡេស្ទីន ការចាប់បញ្ជូនឱ្យបង្ខំ ព្រមទាំងការធ្វើទារណកម្ម និងការប្រព្រឹត្តទង្វើដែល​អមនុស្សធម៌ និងសាហាវឃោរឃៅផ្សេងទៀត។ អ៉ីស្រាអែល បានច្រានចោលសេចក្តីសន្និដ្ឋាន នៃរបាយការណ៍នេះ ហើយបានចោទ​គណៈកម្មការស៉ើបអង្កេតរបស់ UN ថា ប្រកាន់ជំហររើសអើងជាប្រព័ន្ធប្រឆាំងអ៉ីស្រាអែល។

សង្រ្គាមនៅ Gaza បានផ្ទុះឡើង បន្ទាប់ពីក្រុមហាម៉ាស បានធ្វើសកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ហើយ​ជាលទ្ធផល មនុស្សប្រហែល១,២០០នាក់ ភាគច្រើនជាជនស៉ីវិល បានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ មនុស្សជាង២៥០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ ដោយក្នុងនោះ១១៦នាក់ បន្តជាប់ឃុំឃាំងនៅ Gaza ប៉ុន្តែយោធាអ៉ីស្រាអែល បានអះអាងថា ៤១នាក់បានស្លាប់។ គណៈកម្មការស៉ើបអង្កេត UN បានរកឃើញថា ក្នុងសកម្មភាពវាយប្រហារនាពេលនោះ សមាជិករបស់ក្រុមហាម៉ាស ក៏ដូចជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដទៃទៀត រួមជាមួយជនស៉ីវិលប៉ាឡេស្ទីនមួយចំនួនផងដែរ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម ព្រមទាំងល្មើសនិងបំពាន​ច្បាប់ IHL និង IHRL។ ជាការសងសឹក អ៉ីស្រាអែលបានធ្វើសង្រ្គាមយ៉ាងបង្ហូរឈាមបំផុត នៅ Gaza ដែលមកទល់ពេលនេះ បានសម្លាប់មនុស្សកើនដល់លើស៣៧,០០០នាក់ហើយ ភាគច្រើនជាជនស៉ីវិល។

គួរបញ្ជាក់ថា គណៈកម្មការ Commission of Inquiry ដែលមិនធ្លាប់មានពីមុនមក ត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN កាលពីខែឧសភា ឆ្នាំ២០២១ ដើម្បីស៉ើបអង្កេតលើករណីសង្ស័យ នៃសកម្មភាពរំលោភបំពានច្បាប់ IHL និង IHRL នៅអ៉ីស្រាអែល ព្រមទាំងនៅតាមដែនដីប៉ាឡេស្ទីន។ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន គណៈកម្មការដែលមានសមាជិក៣រូបនេះ បានផ្តោតជាសំខាន់ទៅលើ សង្រ្គាមនៅ Gaza រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស៕