(ណៃរ៉ូប៊ី)៖ អង្គការសប្បុរសធម៌ Oxfam បានជំរុញដល់បណ្តាប្រទេសអ្នកមាន ឱ្យបង្កើនការចំណាយដើម្បីបញ្ចប់ភាពអត់ឃ្លាន នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំ នៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន (G7) ដោយនិយាយថា ការចំណាយផ្នែកយោធាត្រឹមតែ ៣ភាគរយ នៃ G7 អាចដោះស្រាយវិបត្តិស្បៀងអាហារ និងបំណុលសកលបាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤។

G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អាល្លឺម៉ង់ បារាំង អ៉ីតាលី និងចក្រភពអង់គ្លេស នឹងចាប់ផ្តើមកិច្ចប្រជុំប្រចាំឆ្នាំ នៅក្នុងសប្តាហ៍នេះ ដោយគេរំពឹងថាបណ្តាមេដឹកនាំទាំងអស់ នឹងពិភាក្សាគ្នាអំពីបញ្ហាដូចជា ការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងបន្ទុកបំណុលដ៏ធ្ងន់ នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ ប្រធានគោលនយោបាយវិសមភាពរបស់អង្គការ Oxfam អន្តរជាតិ លោក Max Lawson បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «ឥលូវនេះ រដ្ឋាភិបាលនានាមានលុយ សម្រាប់ផ្តល់ដល់​មូលនិធិ​ដើម្បី​សង្រ្គាម​ ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការ​បញ្ឈប់​ភាពអត់ឃ្លាន ​ពួកគេ​ស្រាប់តែគ្មានលុយ»។ Oxfam សូមអំពាវនាវដល់ G7 ផ្អាកការនាំចេញអាវុធ ដែលអាចត្រូវបានប្រើប្រាស់សម្រាប់ឧក្រិដ្ឋកម្មសង្រ្គាម បង្កើនពន្ធលើក្រុមមហាសេដ្ឋី ផ្តល់ជំនួយសង្គ្រោះបំណុលដល់ប្រទេសក្រីក្រ ដើម្បីឱ្យប្រទេសទាំងនោះមានថវិកាសម្រាប់ការអភិវឌ្ឍន៍ បំពេញតាមការសន្យាផ្តល់ជំនួយ និងដោះស្រាយបញ្ហាអាកាសធាតុ។ បើតាមគណនាមួយ ថា G7 បានសន្យាជាថវិកាចំនួន ១៥ទ្រីលានដុល្លារ សម្រាប់ប្រទេសលោកខាងត្បូង (Global South) នៅក្នុងការប្តេជ្ញាចិត្តផ្តល់ជំនួយ និងការសន្យាដែលមិនទាន់បានបំពេញ សម្រាប់ហិរញ្ញប្បទានអាកាសធាតុ។

គួរបញ្ជាក់ថា ថវិកាដែលត្រូវការដើម្បីបំបាត់ភាពអត់ឃ្លានជាសកលមានចំនួន ៣១.៧ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយចំណែករបស់ G7 ជុំវិញការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្របំផុត នឹងកើនឡើង ៤ពាន់លានដុល្លារបន្ថែមទៀត។ Oxfam ថា ចំណែកទាំងនេះ គឺមានចំនួនត្រឹមតែ២.៩ភារយ នៃថវិកា១.២ទ្រីលាន ដែលត្រូវបានប៉ាន់ស្មានថា ចំណាយដោយ G7 លើផ្នែកយោធាកាលពីឆ្នាំមុន៕