(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃ បាននិយាយថា ខ្លួននឹងបើកសវនាការជំនុំជម្រះនាថ្ងៃទី១៨ ខែមិថុនា សម្រាប់សំណុំរឿងមួយ ដែលអាចនឹងឈានដល់ការដកតំណែង នាយករដ្ឋមន្រ្តី លោក សេដ្ឋា ថាវីស៉ីន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤។

សំណុំរឿងប្រឆាំងលោក សេដ្ឋា ត្រូវបានផ្តើមឡើងដោយសមាជិកព្រឹទ្ធសភាថៃចំនួនប្រមាណ៤០នាក់ កាលពីខែឧសភាកន្លងទៅ ហើយ​តុលាការធម្មនុញ្ញាថៃ បានសម្រេចទទួលយកសំណុំរឿងនោះ មកពិចារណា។ វាពាក់ព័ន្ធទៅនឹងការសម្រេចចិត្តរបស់លោក សេដ្ឋា ក្នុងការ​តែងតាំងមេធាវីម្នាក់ ដែលមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី នៅក្នុងជួរគណៈរដ្ឋមន្រ្តីរបស់លោក។ រដ្ឋមន្រ្តីរូបនោះ បានលាលែងពីតំណែងវិញហើយ ក្រោយភាពចម្រូងចម្រាសបានផ្ទុះឡើង។

តុលាការធម្មនុញ្ញថៃ ក៏បានកំណត់យកថ្ងៃទី១៨ ខែមិថុនា ដែលត្រូវនឹងថ្ងៃអង្គារសប្តាហ៍ក្រោយ ដើម្បីបើកសវនាការជំនុំជម្រះ សម្រាប់សំណុំរឿង ដែលមានចេតនាចង់ឱ្យរំលាយគណបក្សប្រឆាំង Move Forward ផងដែរ។ Move Forward ជាបក្សដែលឈ្នះអាសនៈបានជាច្រើនជាងគេ ក្នុងការបោះឆ្នោតសកលកាលពីឆ្នាំមុន ប៉ុន្តែក្រុមសមាជិករដ្ឋសភានិងព្រឹទ្ធសភាអភិរក្សនិយម បានរារាំងមិនឱ្យបក្សនេះ អាចបង្កើតរដ្ឋាភិបាលបាន ដែលមួយផ្នែកគឺដោយសារតែគោលនយោបាយរបស់ Move Forward ដែលមានគោលដៅចង់ធ្វើ កំណែទម្រង់ច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ដែលជាខែលការពារព្រះមហាក្សត្រ Maha Vajiralongkorn ពីការរិះគន់ទាំងឡាយ។

គួរបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីខែមីនា ឆ្នាំនេះ បានស្នើសុំឱ្យតុលាការធម្មនុញ្ញ រំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការ បានចេញសេចក្ដីសម្រេចមួយថា គោលនយោបាយធ្វើកំណែទម្រង់ច្បាប់ប្រមាថព្រះមហាក្សត្រ គឺជាការប៉ុនប៉ងផ្ដួលរំលំ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ យ៉ាងណាមិញ សេចក្ដីសម្រេចនោះ មិនបានដាក់ទោស ឬពិន័យអ្វីលើគណបក្ស Move Forward ឡើយ៕