(បេរូត)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ទៅលើភូមិ Jouya ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមហេសប៊ូលឡា និងសមាជិក ៣នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ ២០២៤។
ក្រុមហេសប៊ូលឡា បានទទួលស្គាល់ការស្លាប់នៃមេបញ្ជាការូបនោះ ដោយនៅក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា ជាលោក Taleb Abdallah ដែលគេស្គាល់ថាឈ្មោះ Abu Taleb។ លោក Abu Taleb គឺជាសមាជិកខ្ពស់បំផុតមួយរូបរបស់ក្រុមហេសប៊ូលឡា ដែលត្រូវបានសម្លាប់ក្នុងរយៈពេល ៨ខែនៃការបាញ់ផ្លោងដាក់គ្នាជាមួយអ៉ីស្រាអែល។ សន្តិសុខម្នាក់ប្រាប់ Reuters ថា លោក Abu Taleb ត្រូវកំណត់អត្តសញ្ញាណបានថា ជាមេបញ្ជាការក្រុមតំបន់កណ្តាលនៃព្រំដែនភាគខាងត្បូងលីបង់។ ក្រៅពីនេះ សមាជិកហេសប៊ូលឡា ៣នាក់ទៀត ក៏ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះដែរ។ ប៉ុន្តែ ភ្លាមៗ នៅមិនទាន់មានការអត្ថាធិប្បាយពីសំណាក់អ៉ីស្រាអែលទេ។
គួរបញ្ជាក់ថា សមាជិកក្រុមហេសប៊ូលឡាប្រហែល ៣០០នាក់ រួមមានទាំងមេបញ្ជាការសំខាន់ៗ ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់អ៉ីស្រាអែលទៅលើប្រទេសលីបង់ គិតចាប់តាំងពីខែតុលា គឺនៅពេលដែលសង្រ្គាមហ្កាហ្សាផ្ទុះឡើង៕