(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាលោកប្រធានាធិបតី ចូ បៃដិន នឹងធ្វើការជាមួយមេដឹកនាំរបស់បារាំងជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ មិនថាពួកគេជានរណានោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «បារាំងគឺជាសម្ព័ន្ធមិត្តមានវ័យចំណាស់បំផុតមួយរបស់យើង ហើយយើងនឹងធ្វើការជាមួយ មេដឹកនាំដែលប្រជាជនបារាំងជាអ្នកបោះឆ្នោតជ្រើសរើស ជាតំណាងរបស់ពួកគេ»

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានសម្រេចរំលាយរដ្ឋសភាចោល និងអំពាវនាវឱ្យមានរៀបចំ ការបោះឆ្នោតសភាមុនអាណត្តិ បន្ទាប់ពីគណបក្សរបស់លោកបានចាញ់ដាច់គណបក្សស្ដាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡាប៉ែន ក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប។

ការបោះឆ្នោតសភាបារាំងនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល ដោយជុំទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា រីឯជុំទី២ នៅថ្ងៃទី៧ ខែកក្កដា៕