(វ៉ាស៊ីនតោន)៖ គណៈវិនិច្ឆ័យក្នុងទីក្រុង Wilmington រដ្ឋ Delaware កាលពីថ្ងៃអង្គារ​ ទី១១ ខែមិថុនា បានសម្រេចថាកូនប្រុសរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន គឺលោក Hunter Biden មានពិរុទ្ធលើបទចោទប្រកាន់ព្រហ្មទណ្ឌទាំង៣ករណី ពាក់ព័ន្ធនឹងការទិញកាំភ្លើងដោយខុសច្បាប់កាលពីឆ្នាំ២០១៨ ដែលធ្វើឱ្យរូបលោកក្លាយជាកូនប្រុសដំបូងរបស់ ប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពិរុទ្ធពីបទល្មើសព្រហ្មទណ្ឌ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

លោក Hunter Biden មានអាយុ៥៤ឆ្នាំ បានឱនក្បាលចុះបន្តិច បន្ទាប់ពីសាលក្រមត្រូវបានប្រកាស តែក៏មិនបានបញ្ចេញប្រតិកម្មអ្វីធុំដុំនោះដែរ។ ចំណែកឯ លោក ចូ បៃដិនជាឪពុកវិញ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថាលោកនឹងទទួលយកសាលក្រមសម្រេចរបស់គណៈវិនិច្ឆ័យទាំង១២នាក់ ហើយនឹងបន្តគោរពតាមនីតិវិធីនៃប្រព័ន្ធតុលាការ ខណៈលោក Hunter កំពុងពិចារណាប្ដឹងឧទ្ធរណ៍។

គួរបញ្ជាក់ថា លោក Hunter Biden ត្រូវបានចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌជុំវិញការទិញកាំភ្លើង ក្នុងនោះរួមមានទាំងការកុហកអ្នកលក់កាំភ្លើងស្របច្បាប់ថាលោកមិនបានប្រើប្រាស់ គ្រឿងញៀនខុសច្បាប់នោះទេ តែតាមពិតលោកត្រូវបានគេរកឃើញថាប្រើគ្រឿងញៀនដែលនៅក្រោមច្បាប់អាមេរិកបានហាមឃាត់អ្នកប្រើប្រាស់គ្រឿងញៀនពីការកាន់កាប់កាំភ្លើង។ លោក Hunter បានប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ទៅ២៥ឆ្នាំ នៅពេលដែលចៅក្រម លោកស្រី Maryellen Noreika ប្រកាសសាលក្រមសម្រេចឱ្យរូបលោកជាប់ពិរុទ្ធ។ ប៉ុន្តែ តាមច្បាប់អាមេរិក ជនលើ្មសប្រព្រឹត្តទោសកំហុសលើកដំបូងនឹងមិនទទួលទោសជាប់ពន្ធនាគារជិតដល់អតិបរមាឡើយ ហើយក៏មិនទាន់ច្បាស់ថាតើលោកស្រីចៅក្រមនឹងសម្រេចផ្តន្ទាទោស ឱ្យកូនប្រុសលោក ចូ បៃដិន ជាប់ពន្ធនាគារ ឬក៏យ៉ាងណានោះដែរ៕