(ហ្សឺណែវ)៖ នៅមុនកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនលើកទី១ ប្រព្រឹត្តទៅ ទីក្រុងកៀវកាលពីថ្ងៃអង្គារ ទី១១ ខែមិថុនានេះបាននិយាយថា ខ្លួនចង់ឱ្យរុស្ស៉ីចូលរួមក្នុងកិច្ចប្រជុំកំពូល លើកទី២ ដើម្បីសម្រេចឱ្យបាននូវផែនការជាលក្ខណៈអន្តរជាតិមួយ ឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីក្រុងមូស្គូ បាននិយាយថា ខ្លួនមិនមានចំណាប់អារម្មណ៍ចូលរួមក្នុងកិច្ចប្រជុំស្ដីពី សន្តិភាពអ៊ុយក្រែន ដែលនឹងប្រព្រឹត្តទៅនៅចុងសប្ដាហ៍នេះទេ ហើយក៏មិនត្រូវបានអញ្ជើញឱ្យចូលរួមដោយ ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលនេះនោះដែរ ខណៈអ៊ុយក្រែនវិញចង់សម្រេចបានឱ្យបានលទ្ធផលមួយចំនួន ពីកិច្ចប្រជុំនេះដើម្បីបោះជំហានទៅរកការរៀបចំ កិច្ចប្រជុំកំពូល លើកទី២។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអឺរ៉ុប នាយខុទ្ទការល័យ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី គឺលោក Andriy Yermak បានបញ្ជាក់ថា សម្រាប់កិច្ចប្រជុំកំពូលលើកទី២ អ៊ុយក្រែននឹងធ្វើការជាមួយគ្រប់ប្រទេសជាដៃគូ និងបណ្ដាប្រទេសទាំងអស់ដែលចាប់អារម្មណ៍ចង់ចូលរួម។ «យើងកំពុងរៀបចំផែនការដើម្បីឱ្យទាំងអស់គ្នាចូលរួម ក្នុងផែនការមួយដែល ទទួលបានការគាំទ្រពីបណ្ដាប្រទេសពាក់ព័ន្ធទាំងអស់ ហើយយើងកំពុងសម្លឹងរកមើលលទ្ធភាព សម្រាប់កិច្ចប្រជុំកំពូលលើកទី២ ជាមួយការអញ្ជើញអ្នកតំណាងរបស់រុស្ស៉ីឱ្យចូលរួមដែរ»។ នេះជាការបន្ថែមរបស់លោក Andriy Yermak។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន ក្នុងប្រទេសស្វីស គ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា។ ប្រទេស និងអង្គការអន្តរជាតិចំនួន១៦០ត្រូវបានអញ្ជើញឱ្យ ចូលរួមដោយស្វីសដែលជាម្ចាស់ផ្ទះ ហើយមកទល់នឹងពេលនេះមានប្រទេសចំនួន៩០ ត្រូវបានបញ្ជាក់ថា នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ៕