(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃអង្គារនេះថា ការសម្លាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សា អំឡុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែលដើម្បីដោះលែងចំណាប់ខ្មាំង ក៏ដូចជាការឃុំខ្លួនចំណាប់ខ្មាំងសដោយក្រុមប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន អាចស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
អ៊ីស្រាអែលបានបើកប្រតិបត្តិការដែលអមដោយការវាយប្រហារតាមអាកាស កាលពីថ្ងៃសៅរ៍បានធ្វើឡើង នៅសង្កាត់លំនៅដ្ឋានមួយក្នុងតំបន់ Nuseirat ចំកណ្តាលហ្គាហ្សា ជាកន្លែងដែលក្រុមហាម៉ាសបានចាប់ចំណាប់ខ្មាំង នៅក្នុងអគារលំនៅដ្ឋានពីរដាច់ដោយឡែកពីគ្នា។ ប្រតិបត្តិការនេះបានបណ្តាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់ជាង ២៧០នាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលក្នុងតំបន់ហ្គាហ្សា។
លោក Jeremy Lawrence អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា «របៀបនៃការវាយឆ្មក់ត្រូវបានអនុវត្តនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល បង្កជាសំណួរយ៉ាងធ្ងន់ធ្ងរថា តើកងកម្លាំងអ៊ីស្រាអែលគោរពគោលការណ៍នៃភាពខុសគ្នា សមាមាត្រ និងការប្រុងប្រយ័ត្ន ដូចដែលមានចែងក្នុងច្បាប់សង្គ្រាមដែរឬទេ»។
លោក Lawrence ក៏បានកត់សម្គាល់ផងដែរថា ការឃុំខ្លួនចំណាប់ខ្មាំងក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ពីសំណាក់ក្រុមប្រដាប់អាវុធក្រុមហាម៉ាស់ «ធ្វើឱ្យជីវិតរបស់ជនស៊ីវិលប៉ាឡេស្ទីន ក៏ដូចជាចំណាប់ខ្មាំងខ្លួនឯងមានហានិភ័យខ្ពស់»។
លោកបានសង្កត់ធ្ងន់ថា «សកម្មភាពទាំងអស់នេះរបស់ភាគីទាំងពីរ អាចជាឧក្រិដ្ឋកម្មសង្គ្រាម»។
គួរជម្រាបថា ជម្លោះបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា នៅពេលក្រុមយុទ្ធជនហាម៉ាសបានវាយប្រហារអ៊ីស្រាអែលនៅថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល១,២០០ នាក់ នេះបើតាមស្ថិតិអ៊ីស្រាអែល។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការលុកលុយជាបន្តបន្ទាប់នៃតំបន់ហ្គាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៧,០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមហាម៉ាស៕