(ហាណូយ)៖ ប្រធានាធិបតីវៀតណាម លោក Tô Lâm បានប្រាប់ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងហាណូយ លោក Xiong Bo នៅថ្ងៃអង្គារនេះថា វាជាការសំខាន់ណាស់ដែលវិវាទដែនសមុទ្រត្រូវបានគ្រប់គ្រងឱ្យបានល្អ និងផលប្រយោជន៍របស់ប្រទេសនីមួយៗត្រូវបានគោរព។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាម ប៉ុន្តែប្រទេសជិតខាងដែលដឹកនាំដោយបក្សកុម្មុយនិស្តទាំងពីរនេះ បានជាប់គាំងក្នុងវិវាទដែនសមុទ្រអស់រយៈពេលជាច្រើនឆ្នាំនៅសមុទ្រចិនខាងត្បូង។

សេចក្តីថ្លែងការណ៍បានឱ្យដឹងថា លោក Tô Lâm បានថ្លែងក្នុងជំនួបមួយនៅទីក្រុងហាណូយថា ប្រទេសទាំងពីរត្រូវគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និងស្វែងរកដំណោះស្រាយដែលពេញចិត្តស្របតាមច្បាប់អន្តរជាតិ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសវៀតណាមបាននិយាយថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវត្តមាន នៃនាវាស្ទង់មតិរបស់ចិននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។

ក្នុងជំនួបនៅថ្ងៃអង្គារនេះ លោក Tô Lâm បានថ្លែងថា ការអភិវឌ្ឍមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្ររបស់វៀតណាម និងជាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន។

គួរជម្រាបថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ របស់ប្រធានាធិបតីចិន ស៊ី ជីនភីង កាលពីខែធ្នូកន្លងទៅ វៀតណាម និងចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរាប់សិប​ ក្នុងនោះរួមទាំងលើផ្លូវដែកផងដែរ។​ លោក Tô Lâm បានបញ្ជាក់ជាថ្មីនូវតម្រូវការ ក្នុងការជំរុញការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំនោះ ហើយបានស្នើឱ្យចិនបើកទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលកសិកម្មរបស់វៀតណាម៕