(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ RIA បានរាយការណ៍នៅថ្ងៃអង្គារនេះថា កិច្ចព្រមព្រៀងថ្មីមួយរវាងទីក្រុងមូស្គូ និងតេហេរ៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយសារបញ្ហាដែលដៃគូអ៉ីរ៉ង់កំពុងប្រឈមមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤។
ទីភ្នាក់ងារព័ត៌មាន RIA បានដកស្រង់សម្តីរបស់ លោក Zamir Kabulov មន្រ្តីក្រសួងការបរទេសរុស្ស៉ីដែលនិយាយថា «នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្រ្តរបស់មេដឹកនាំនៃប្រទេសទាំងពីរ។ ដំណើរការនោះ ត្រូវផ្អាកដោយសារតែបញ្ហាដែលដៃគូរអ៉ីរ៉ង់ របស់យើង កំពុងជួបប្រទះ»។ យ៉ាងនេះក្តី ភាគីអ៉ីរ៉ង់ នៅមិនទាន់មានការបញ្ជាក់នោះទេ។
គួរបញ្ជាក់ថា រុស្ស៉ីនិងអ៉ីរ៉ង់ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការធ្វើការជុំវិញកិច្ចព្រមព្រៀង ដ៏សំខាន់មួយ រវាងទីក្រុងមូស្គូ និងទីក្រុងតេហេរ៉ង់ ត្រូវបានប្រកាសកាលពីខែកញ្ញា ឆ្នាំ ២០២២ អំឡុងពេលដែល លោក ពូទីន និងអតីតប្រធានាធិបតីអ៉ីរ៉ង់ លោក អ៉ីប្រាហ៉ីម រ៉ៃស៉ី ជួបគ្នា។ លោក រ៉ៃស៉ី ដែលធ្លាប់ត្រូវគេមើលឃើញថា អាចជាបុគ្គលបន្តវេនពី មេដឹកនាំកំពូលរបស់អ៉ីរ៉ង់ លោក Ayatollah Ali Khamenei គឺបានទទួលមរណភាព ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា កន្លងទៅ៕