(ប៉េកាំង)៖ ថ្ងៃទី ៧ ខែមិថុនាតាមម៉ោងក្នុងតំបន់ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៨ បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទ លើសេចក្តីសម្រេចចិត្តស្តីពីការបង្កើតទិវាសន្ទនាអរិយធម៌អន្តរជាតិ ដែលលើកឡើងដោយប្រទេសចិន។

សេចក្តីសម្រេចចិត្តបានបញ្ជាក់ថា រាល់អរិយធម៌សុទ្ធតែជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ផ្តួចផ្តើមចេញពីការគោរពដល់ ភាពចម្រុះនៃអរិយធម៌ បង្ហាញពីតួនាទីដ៏សំខាន់នៃកិច្ចសន្ទនា ផ្នែកអរិយធម៌ ចំពោះការគាំពារសន្តិភាពពិភពលោក ជំរុញការអភិវឌ្ឍរួម បង្កើនសុខុមាលភាពមនុស្សជាតិ និងសម្រេចការរីកចំរើនជាមួយគ្នា ក៏ដូចជាផ្តួចផ្តើមឱ្យមានការសន្ទនាដោយសមភាព និងការគោរពដល់គ្នារវាងអរិយធម៌ផ្សេងៗ ដែលបានបង្ហាញដោយពេញលេញពីសារៈស្នូល នៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping ហើយសម្រេចយកថ្ងៃទី ១០ខែមិថុនាជាទិវាសន្ទនាអរិយធម៌អន្តរជាតិ។

លោក Fu Cong តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ បានលើកឡើងនៅពេលធ្វើបទបង្ហាញពីសេចក្តីព្រាងច្បាប់ នៃសេចក្តីសម្រេចចិត្តនេះថា បច្ចុប្បន្ន វិបត្តិនិងបញ្ហាប្រឈមជាច្រើនកើតមានផ្ទួនគ្នា ពិភពលោកបានឈានចូលដំណាក់កាលថ្មី នៃភាពរង្គោះរង្គើនិងកំណែទម្រង់ សង្គមមនុស្សជាតិបានដើរដល់ផ្លូវបំបែក នៃប្រវត្តិសាស្រ្តជាថ្មីម្តងទៀត។ ក្នុងបរិបទនេះ ភាគីចិនផ្តួចផ្តើម ឱ្យមហាសន្និបាតអ.ស.ប. បង្កើតទិវាអរិយធម៌អន្តរជាតិ ក្នុងគោលបំណងពង្រីកតួនាទីសំខាន់ នៃកិច្ចសន្ទនាផ្នែកអរិយធម៌ ដើម្បីលុបបំបាត់ការរើសអើង និងគំនិតលម្អៀង បង្កើនជំនឿទុកចិត្តលើគ្នា ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីបំពេញបន្ថែមថាមពលវិជ្ជមាន សម្រាប់ឱ្យមនុស្សជាតិរួមសាមគ្គីគ្នា ឆ្លើយតបនឹងបញ្ហាប្រឈមរួម។ ប្រការនេះបានបង្ហាញពីការគាំទ្ររបស់ចិន ចំពោះពហុភាគីនិយមនិងការងាររបស់អ.ស.ប. និងបង្ហាញពីទំនួលខុសត្រូវរបស់ចិន ក្នុងឋានៈជាមហាអំណាចក្នុងនិម្មាបនិកម្មបម្រែបម្រួលមួយសតវត្សរ៍៕

វិទ្យុមិត្តភាពកម្ពុជាចិន