(ប៉េកាំង)៖ ក្រសួងការពារជាតិចិន បានចេញការព្រមាននៅថ្ងៃអង្គារនេះ ឱ្យប្រទេសហូឡង់ គ្រប់គ្រងសកម្មភាពរបស់កងទ័ពជើងទឹក និងជើងអាកាសរបស់ខ្លួនឱ្យបានល្អ បន្ទាប់ពីក្រសួងការពារជាតិហូឡង់ ចោទថាយន្តហោះចម្បាំងចិន បានហោះទៅកៀកនាវារបស់ហូឡង់ ក្នុងលក្ខណៈប្រកបដោយគ្រោះថ្នាក់ នៅឯសមុទ្រចិនខាងកើត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤។

កាលពីចុងសប្តាហ៍មុន ក្រសួងការពារជាតិហូឡង់ប្រកាសថា នាវាចម្បាំង HNLMS Tromp កំពុងអនុវត្តការល្បាត ក្រោមបេសកកម្មឃ្លាំមើល ការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងកូរ៉េខាងជើង ហើយត្រូវបានយន្តហោះចម្បាំងរបស់ចិនពីរគ្រឿង ហោះជុំវិញជាច្រើនលើក។ ក្រោយមក ឧទ្ធម្ភាគចក្រ NH90 នៃនាវាចម្បាំងនោះ ក៏ត្រូវបានយន្តហោះចម្បាំងចិនពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿង ហោះចូលទៅកៀក នៅក្នុងបរិវេណដែនអាកាសអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានលើកឡើងថា «ភាគីហូឡង់ បានធ្វើការអះអាងមិនពិតថា ខ្លួនកំពុងបំពេញបេសកកម្មរបស់ UN ហើយប្រើសមាសភាពកងកម្លាំងរបស់ខ្លួននៅដែនសមុទ្រ និងអាកាស ក្រោមដែនសមត្ថកិច្ច នៃប្រទេសមួយផ្សេងទៀត បង្កើតភាពតានតឹង និងធ្វើឱ្យខូចទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ»។ លោក Zhang បានបន្ថែមថា «ចិនសូមព្រមានដល់ភាគីហូឡង់៖ ការបំពាន និងបង្កហេតុ នឹងត្រូវប្រឆាំងតបតវិញយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ភាគីចិន»

គួរបញ្ជាក់ថា UN មិនទាន់ឆ្លើយតបចំពោះការអត្ថាធិប្បាយទេ ជុំវិញការអត្ថាធិប្បាយនេះ៕