(ប៉េកាំង)៖ គ្រូបង្រៀនមហាវិទ្យាល័យចំនួន៤នាក់ ដែលជាជនជាតិអាមេរិក បំពេញការងារក្នុងប្រទេសចិន បានទទួលរងរបួសកាលពីថ្ងៃចន្ទសប្តាហ៍នេះ ក្នុងហេតុការណ៍វាយប្រហារដោយប្រើកាំបិត នៅសួនច្បារសាធារណៈមួយកន្លែង ក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍ខាងលើបានកើតឡើង នៅក្នុងខេត្ត Jilin ភាគឦសានប្រទេសចិន។ ជនជាតិអាមេរិកទាំង៤នាក់នោះ គឺជាគ្រូបង្រៀនមកពី មហាវិទ្យាល័យ Cornell នៃរដ្ឋ Iowa សហរដ្ឋអាមេរិក ហើយពួកគេបច្ចុប្បន្នកំពុងធ្វើការងារនៅចិន ក្រោមកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំ។ ទីក្រុងប៉េកាំង នាថ្ងៃអង្គារនេះ បានទទួលស្គាល់ថា គ្រូបង្រៀនបរទេស៤នាក់ បានរងការវាយប្រហារ ហើយអ្នករងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលយ៉ាងត្រឹមត្រូវ ខណៈពុំមាននរណាម្នាក់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ទន្ទឹមគ្នានេះដែរ ខាងប៉ូលិសចិន កំពុងតែបើកការស៉ើបអង្កេត ជុំវិញហេតុការណ៍នេះ។ ដោយឡែក ពុំមានការលើកឡើងអំពីបុគ្គល ដែលបង្កការវាយប្រហារ​នោះទេ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសចិននឹងបន្តចាត់វិធានការពាក់ព័ន្ធនានា ដើម្បីការពារសុវត្ថិភាពរបស់ជនបរទេសទាំងអស់ នៅក្នុងទឹកដីរបស់ខ្លួន ហើយលោកបានបន្ថែមថា ឧប្បត្តិហេតុនេះ នឹងមិនប៉ះពាល់ដល់​ការអភិវឌ្ឍជាធម្មតា នៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន ចិន-អាមេរិក ឡើយ៕