(រីហ្កា)៖ ការិយាល័យប្រធានាធិបតីនៃប្រទេសឡេតូនី បានឱ្យដឹងថា លោក Tamas Sulyok ប្រធានាធិបតីរបស់ប្រទេសហុងគ្រី មិនមកចូលរួមកិច្ចប្រជុំកំពូល Bucharest Nine ដែលជាក្រុមប្រទេសអឺរ៉ុបនៅប៉ែកខាងកើតនៃអង្គការណាតូ (NATO) ក្នុងរដ្ឋធានី Riga នៅថ្ងៃអង្គារនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ ២០២៤។
ជាធម្មតា ប្រធានាធិបតីនៃប្រទេសប៊ុលហ្ការី សាធារណរដ្ឋឆែក អេស្តូនី ហុងគ្រី ឡេតូនី លីទុយអានី ប៉ូឡូញ រូម៉ានី និងស្លូវ៉ាគី តែងតែមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេស Buharest Nine។ ប៉ុន្តែឆ្នាំនេះ ហុងគ្រី បានចាត់ឱ្យឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅឡេតូនី ធ្វើជាអ្នកតំណាងជំនួស លោក Sulyok។
ការិយាល័យប្រធានាធិបតី បានឱ្យដឹងបន្ថែមថា កិច្ចប្រជុំកំពូលនេះ ក៏នឹងមិនបញ្ចប់ទៅជាមួយនិង សេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំង ៩ដែរ សម្រាប់លើកដំបូងគិតចាប់ពីមានការកំណត់បែបនេះកាលពីឆ្នាំ ២០១៥។ អ្នកនាំពាក្យការិយាល័យប្រធានាធិបតីឡេតូនី លោក Edgars Rinkevics បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា ជំនួសឱ្យសេចក្តីថ្លែងការណ៍រួម ប្រធានាធិបតីឡេតូនី នឹងចេញសេចក្តីថ្លែងការណ៍មួយ តាងនាមឱ្យប្រទេសរូម៉ានី និងប៉ូឡូញ ដែលរួមគ្នាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
គួរបញ្ជាក់ថា ហុងគ្រី និងប្រទេសនៅអឺរ៉ុបកណ្តាលផ្សេងទៀតកំពុងទាស់ទែងគ្នា ជុំវិញការបន្តទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ីរបស់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban និងការបដិសេធមិនផ្តល់អាវុធដល់អ៊ុយក្រែន។ ការិយាល័យប្រធានាធិបតីហុងគ្រី មិនទាន់ឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕