(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Antony Albanese បានឱ្យដឹងនៅថ្ងៃអង្គារនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងធ្វើដំណើរមកដល់ប្រទេសអូស្រ្តាលី នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលសរុប៤ថ្ងៃ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

វានឹងជាទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្រ្តីនៃប្រទេសចិន មកកាន់ប្រទេសអូស្រ្តាលី គិតចាប់តាំងពីឆ្នាំ២០១៧មក ហើយលោក Albanese បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងកង់បេរ៉ាថា វាគឺជាការបោះជំហានដ៏សំខាន់មួយទៀត នៅក្នុងកិច្ចប្រឹងប្រែងផ្តល់​ស្ថិរភាព ដល់ទំនាក់ទំនងជាមួយចិន។ អំឡុងទស្សនកិច្ច៤ថ្ងៃ លោក Li នឹងធ្វើដំណើរទៅកាន់ទីក្រុង Adelaide, រដ្ឋធានីកង់បេរ៉ា និង​រដ្ឋអូស្រ្តាលីខាងលិច ដែលជាកន្លែងសម្បូរទៅដោយ សកម្មភាពរុករកធនធានរ៉ែ។

កន្លងមក ចិនធ្លាប់បានដាក់បម្រាមពាណិជ្ជកម្មលើ ទំនិញកសិកម្មនិងរ៉ែជាច្រើនមុខរបស់អូស្រ្តាលី អំឡុងការផ្ទុះជម្លោះការទូតកាលពីឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់កំពុងបន្តឆ្ពោះទៅរកភាពប្រសើរឡើងវិញហើយ ចាប់តាំងពីការឡើងកាន់អំណាច​​របស់លោក Albanese។ លោក Albanese បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ការស្វាគមន៍លោកនាយករដ្ឋមន្រ្តីចិន មកកាន់អូស្រ្តាលី គឺជាឱកាសមួយសម្រាប់ឱ្យអូស្រ្តាលី ទទួលបានផលប្រយោជន៍បន្ថែម តាមរយៈការបង្ហាញពីគុណតម្លៃជាតិ គុណភាពប្រជាជន និងភាពរឹងមាំនៃ​សេដ្ឋកិច្ចរបស់ពួកយើង។ អូស្រ្តាលីនៅតែបន្តចង់បានទំនាក់ទំនងមួយ ដែលមានស្ថិរភាពជាមួយចិន ដោយយកកិច្ចសន្ទនាជាស្នូល»

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខាងប្រទេសនូវែលសេឡង់ ក៏បានប្រកាសដែរថា លោក Li នឹងបំពេញទស្សនកិច្ចទៅកាន់ទីនោះ ក្នុងសប្តាហ៍នេះ ប៉ុន្តែមិនបានប្រាប់កាលបរិច្ឆេទជាក់លាក់ទេ។ វានឹងជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី២របស់ចិន ទៅកាន់នូវែលសេឡង់ នៅក្នុងឆ្នាំនេះ បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់ ​រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីចុងខែមីនា៕