(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះយោធារុស្ស៉ី១គ្រឿង បានធ្លាក់អំឡុងពេលហោះហើរហ្វឹកហ្វឺន នៅឯតំបន់ North Ossetia នៃតំបន់ Caucasus ហើយបណ្តាលឱ្យមនុស្ស២នាក់ ធ្វើដំណើរនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះចម្បាំង Sukhoi-34 ដែលអាចទម្លាក់គ្រាប់បែកបានផងដែរ បានធ្លាក់នៅតំបន់ភ្នំមួយកន្លែង ប៉ុន្តែពុំមានការបញ្ជាក់ឱ្យច្បាស់ថា វាបានធ្លាក់កាលពីពេលណា នោះឡើយ។ យោងតាមប្រភពពដដែល បញ្ហាបច្ចេកទេស ទំនងជាបានបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះយោធានេះ ខណៈការស៉ើបអង្កេតកំពុងត្រូវធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់​អំពីមូលហេតុ។

គួរបញ្ជាក់ថា North Ossetia ជាតំបន់មានព្រំប្រទល់ជាប់ប្រទេសហ្សកហ្ស៉ី និងមានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ពីតំបន់សមរភូមិមុខ នៅប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរតំបន់ North Ossetia បានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើ ព្រលានយន្តហោះយោធារុស្ស៉ី១កន្លែង នៅក្រុង Mozdok ដោយប្រើយន្តហោះដ្រូន ប៉ុន្តែដ្រូនអ៊ុយក្រែន ៣គ្រឿង ក្នុងចំណោមនោះ ត្រូវបានបាញ់ស្កាត់។ វាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកដំបូងបំផុត នៅតំបន់ North Ossetia គិតចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក៕