(សិង្ហបុរី)៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lawrence Wong នឹងទៅដល់ប្រទេសព្រុយណេ នាថ្ងៃអង្គារនេះ ហើយបន្តដំណើរទៅកាន់​ប្រទេសម៉ាឡេស៉ីថែមទៀត ក្នុងការបំពេញទស្សនកិច្ចលើកដំបូងចេញក្រៅប្រទេស ក្រោយលោកបានឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីថ្មី របស់បុរីរដ្ឋមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

ការបំពេញទស្សនកិច្ចរបស់លោក Wong ទៅកាន់ទីក្រុង បានដាស៊េរីបេហ្កាវ៉ាន់ ធ្វើឡើងតបតាមការអញ្ជើញផ្ទាល់ ពីសំណាក់ព្រះចៅស៊ូលតង់ ហាសិនណល់ ប៊ូលហ្កះ (Hassanal Bolkai) ខណៈទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងគូឡាឡាំពួ គឺតបតាមការអញ្ជើញរបស់​នាយករដ្ឋមន្រ្តី លោក អានវ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim)។ ក្រោយទៅដល់ព្រុយណេ នារសៀលថ្ងៃអង្គារនេះ លោក Wong នឹងបន្តដំណើរទៅម៉ាឡេស៉ី នាល្ងាចថ្ងៃដដែល ហើយនឹងបញ្ចប់ទស្សនកិច្ចនៅម៉ាឡេស៉ី នាថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូង របស់លោក Lawrence Wong គិតចាប់តាំងពីលោក បានឡើងកាន់​តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសសិង្ហបុរី កាលពីខែឧសភា បន្តពីលោក Lee Hsien Loong ហើយវាជាផ្នែកមួយ នៃដំណើរបំពេញ​ទស្សនកិច្ចណែនាំខ្លួនរបស់លោក ទៅកាន់រដ្ឋធានី-រាជធានី នៃបណ្តាប្រទេសក្នុងតំបន់អាស៉ីអាគ្នេយ៍។ ព្រុយណេនិងម៉ាឡេស៉ី គឺជាប្រទេសពីរដំបូងគេ ដែលលោក Lee Hsien Loong បានទៅបំពេញទស្សនកិច្ច នៅពេលលោកឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តីសិង្ហបុរី កាលពីឆ្នាំ២០០៤៕