(ស៊ីដនី)៖ ប្រទេសនូវែលសេឡង់ នៅថ្ងៃអង្គារ ទី១១ ខែមិថុនានេះបាននិយាយថាខ្លួននឹងបញ្ជូនទាហាន៤១នាក់បន្ថែម ទៅកាន់បេសកកម្មអង្គការសហប្រជាជាតិ នៅតាមបណ្ដោយតំបន់ព្រំដែនគ្មានយោធារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ខណៈទីក្រុងវែលីងតោនកំពុងសម្លឹងមើលការបង្កើនតួនាទីរបស់ខ្លួន ក្នុងបេសកកម្មអន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins បានឱ្យដឹងថាការសម្រេចចិត្តបង្កើនវត្តមានយោធារបស់នូវែលសេឡង់ពី ១២នាក់ ដល់៥៣នាក់ នៅឯ ទីបញ្ជាការ UN ឈរជើងនៅតំបន់ព្រំដែនគ្មានយោធាអន្តរកូរ៉េ បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដើម្បីគាំទ្រសន្តិភាព និងស្ថិរភាពនៅលើតំបន់ឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានប្រឹងប្រែងបង្កើនការចូលរួមរបស់នូវែលសេឡង់ក្នុងបេសកកម្មអន្តរជាតិចាប់តាំងពីបាន ឡើងកាន់តំណែងកាលពីឆ្នាំមុនមក ក្នុងនោះរួមមានទាំងការបញ្ជូនក្រុមការពារសន្តិសុខដែនសមុទ្រទៅកាន់តំបន់សមុទ្រក្រហម៕