(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Washington Post កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោន) បានរាយការណ៍ថារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន នឹងលុបចោលបម្រាមរបស់ខ្លួន ដោយនឹងអនុញ្ញាតឱ្យកងអង្គភាពយោធាដ៏ចម្រូងចម្រាសមួយរបស់អ៊ុយក្រែនប្រើប្រាស់អាវុធផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Washington Post ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីក្រសួងការបរទេសអាមេរិក។ ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតអាមេរិកនេះថាក្រសួងការបរទេសអាមេរិកបានសម្រេចចិត្តលុបចោលបម្រាមអស់រយៈពេលជាងមួយទសវត្សរ៍ លើកងពលតូច Azov ពីការប្រើប្រាស់អាវុធអាមេរិក បន្ទាប់ពីការវិភាគថ្មីមួយមិនបានរកឃើញភស្តុតាងនៃការរំលោភបំពានសិទ្ធិមនុស្សដោយកងពលតូចអ៊ុយក្រែនមួយនេះនោះទេ។

ក្រសួងការបរទេសអាមេរិកបានគូសបញ្ជាក់ ក្នុងសេចក្ដីថ្លែងការណ៍មួយដែល Washington Post ទទួលបាន ដូច្នេះថា «ក្រោយការវិភាគយ៉ាតម៉ត់ចត់ កងពលតូច Azov ដែលជា កងកម្លាំងពិសេសទី១២ របស់អ៊ុយក្រែន បានឆ្លងផុតច្បាប់ Leahy ក្រោមការត្រួតពិនិត្យរបស់ក្រសួងការបរទេសអាមេរិក»។ ប៉ុន្តែខាងក្រសួងការបរទេសអាមេរិកផ្ទាល់មិនទាន់ ធ្វើអត្ថាធិប្បាយអ្វីទេឆ្លើយតបទៅនឹងការសាកសួរពីទីភ្នាក់ងារសារព័ត៌មាន Reuters។

គួរបញ្ជាក់ថា Leahy Law គឺជាច្បាប់មួយរបស់សហរដ្ឋអាមេរិកដែលមានគោលដៅហាមឃាត់លើការផ្ដល់ជំនួយយោធាអាមេរិកទៅឱ្យអង្គភាពយោធាបរទេសដែលត្រូវបានរកឃើញថា បានរំលោភបំពានសិទ្ធិមនុស្ស។ កងពលតូច Azov គឺជាកងកម្លាំងពិសេសមួយមានគំនិតស្ដាំនិយមជ្រុល និងជាតិនិយមជ្រុល ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំជាតិ អ៊ុយក្រែន ដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងកងកម្លាំងផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៉ីក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនតាំងតែពីឆ្នាំ២០១៤៕