(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃអង្គារ ទី១១ ខែមិថុនានេះបាននិយាយថាកងកម្លាំងរបស់ខ្លួនបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើងមួយចំនួនព្យាយាមឆ្លងដែន ចូលដីកូរ៉េខាងត្បូងរយៈពេលខ្លី កាលពីចុងសប្ដាហ៍កន្លងទៅ ចំពោះមុខភាពតានតឹងកាន់តែក្ដៅជុំវិញការបង្ហោះបាឡុងសំរាមរបស់ទីក្រុងព្យុងយ៉ាង និងការដំណើរការឧបករណ៍ បំពងសំឡេងនៅតាមព្រំដែនឡើងវិញពីសំណាក់ទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង បានឱ្យដឹងថាឧទ្ទវហេតុខាងលើកើតឡើងនៅម៉ោងប្រហែល ១២៖៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ នៅពេលដែលទាហានកូរ៉េខាងជើងមួយចំនួននៅក្នុងតំបន់គ្មានយោធា (DMZ) ខណ្ឌចែករវាងកូរ៉េទាំង២ បានឆ្លងខ្សែបន្ទាត់ព្រំដែន។ អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «ទាហានកូរ៉េខាងជើងមួយចំនួនដែលឈរជើងក្នុងតំបន់ DMZ បានឆ្លងខ្សែបន្ទាត់ព្រំដែនយោធារយៈពេលខ្លី។ បន្ទាប់ពីនោះ យោធារបស់ យើងបានស្រែកព្រមាន និងបាញ់ព្រមាន ទើបពួកគេដកថយទៅទិសខាងជើងវិញ...ហើយមិនមានសកម្មភាពប្រក្រតីណាមួយកើតឡើងទៀតនោះទេ»

គួរបញ្ជាក់ថា ភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២ បាន និងកំពុងឡើងកម្ដៅកាន់តែខ្លាំង នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយកូរ៉េខាងជើងបានបង្ហោះបាឡុងសំរាម ចូលដីកូរ៉េខាងត្បូង ជាមួយការបញ្ជាក់ថាគឺជាចំណាត់ការសងសឹកទៅនឹងក្រុមសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលក្នុងដី កូរ៉េខាងជើង។ ចំពោះមុខភាពតានតឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងបានសម្រេចចិត្តដំណើរការឧបករណ៍បំពងសំឡេងរិះគន់ប្រឆាំងកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនឡើងវិញផងដែរ៕