(ម៉ាឡាវី)៖ ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Lazarus Chakwera បាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមិថុនាថាប្រតិបត្តិការតាមស្វែងរក និងជួយសង្រ្គោះនឹងត្រូវ ធ្វើឡើងរហូតទាល់តែយន្ដហោះដឹកអនុប្រធានាធិបតី លោក Saulos Klaus Chilima ដែលបានបាត់ខ្លួននោះត្រូវបានរកឃើញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមសេចក្ដីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីម៉ាឡាវី លោក Chilima បានជិះនៅលើយន្ដហោះយោធាមួយគ្រឿងជាមួយមនុស្ស ៩នាក់ផ្សេងទៀត ហើយ បានហោះចេញពីរដ្ឋធានី លីឡុងវ៉េ (Lilongwe) នៅម៉ោង ៩៖១៧នាទីព្រឹក កាលពីថ្ងៃចន្ទ។ សេចក្ដីថ្លែងការណ៍នេះដដែលឱ្យដឹងទៀតថាក្រុមអាជ្ញាធរអាកាសចរណ៍ ស៊ីវិលម៉ាឡាវី បានព្យាយាមទាក់ទងជាមួយយន្ដហោះនេះ ចាប់តាំងពីបានបាត់ចេញពីរ៉ាដា។ យន្ដហោះដឹកលោក Chilima ដំបូងឡើយគ្រោងនឹងចុះចតនៅឯ អាកាសយានដ្ឋាន Mzuzu នៅម៉ោង១០៖០២នាទីព្រឹកថ្ងៃដដែល។

ប្រធានាធិបតីនៃប្រទេសម៉ាឡាវី លោក Lazarus Chakwera បានគូសបញ្ជាក់ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិទាំងមូលថាយន្ដហោះយោធាខាងលើមិនអាចចុះចតនៅឯ អាកាសយានដ្ឋានបាន ដោយសារតែមើលផ្លូវមិនច្បាស់ និងត្រូវបានបញ្ជាឱ្យបកក្រោយត្រឡប់ទៅកាន់រដ្ឋធានីលីឡុងវ៉េវិញ។ «ខ្ញុំបន់ស្រន់ឱ្យពួកយើងរកឃើញអ្នកនៅ រស់រានមានជីវិតទាំងអស់គ្នា។ ខ្ញុំបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបន្តប្រតិបត្តិការរហូតទាល់តែយន្ដហោះត្រូវបានរកឃើញ»។ នេះជាការគូសបញ្ជាក់របស់លោកប្រធានាធិបតី នៃប្រទេសម៉ាឡាវី។

គួរបញ្ជាក់ថា បើតាមលោក Lazarus Chakwera ម៉ាឡាវី ក៏បានស្នើសុំជំនួយពីបណ្ដាប្រទេសក្បែរខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវែស និងអ៉ីស្រាអែល ផងដែរ ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ៕