(យូអិន)៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា (ម៉ោងនៅញូវយ៉ក) បានបោះឆ្នោតអនុម័តលើសំណើមួយគាំទ្រដោយ សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា និងបានជំរុញឱ្យក្រុមហាម៉ាសទទួលយកបទឈប់បាញ់នេះដើម្បីឆ្ពោះ ទៅរកការបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង៨ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណោះស្រាយបទឈប់បាញ់គាំទ្រដោយសហរដ្ឋអាមេរិកខាងលើត្រូវបានបោះឆ្នោតឆ្នោតអនុម័ត ក្នុងសំឡេងគាំទ្រ១៤ ទល់នឹង០សំឡេង ក្នុងចំណោមសមាជិក ក្រុមប្រឹក្សាសន្តិសុខទាំង១៥ប្រទេស ខណៈរុស្ស៉ីបានអនុបវាទ។ ក្រុមហាម៉ាសវិញក៏បានស្វាគមន៍ចំពោះការអនុម័តនេះដែរ ហើយបានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍ មួយថាបានត្រៀមលក្ខណៈជាស្រេចដើម្បីធ្វើកិច្ចសហការជាមួយក្រុមអ្នកសម្របសម្រួល ពាក់ព័ន្ធនឹងការអនុវត្តតាមគោលការណ៍ក្រោមបទឈប់បាញ់នេះ។

ថ្លែងនៅក្រោយការបោះឆ្នោត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃចន្ទ) យើងបានបោះឆ្នោតដើម្បីសន្តិភាព»។

គួរបញ្ជាក់ថា ផែនការបទឈប់បាញ់ខាងលើត្រូវបានប្រកាសដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ ហើយក្រុមមន្ត្រីអាមេរិក ក៏បានអះអាងដែរថាអ៉ីស្រាអែលបានទទួលយកផែនការនេះ បើទោះជាលោក ណេតាន់យ៉ាហ៊ូ និងក្រុមមន្ត្រីអ៉ីស្រាអែលមួយចំនួនបានសន្យាបន្តធ្វើសង្រ្គាមរហូតទាល់តែ សម្រេចគោលដៅកម្ទេចក្រុមហាម៉ាសក៏ដោយ។

ផែនការបទឈប់បាញ់ប្រកាសដោយលោក ចូ បៃដិន ចែកចេញជា ៣ដំណាក់កាល។ ដំណាក់កាលទី១ គឺតម្រូវឱ្យមានបទឈប់បាញ់ដំបូងរយៈពេល ៦សប្ដាហ៍ ជាថ្នូរ នឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល និងការជនជាតិប៉ាឡេស្ទីនដែលកំពុងជាប់ឃុំក្នុងពន្ធនាគារអ៉ីស្រាអែល។ ដំណាក់កាលទី២ ក្នុងនោះរួមបញ្ចូលទាំង បទឈប់បាញ់ជាអចិន្ត្រៃយ៍មួយ និងការដោះលែងចំណាប់ខ្មាំងនៅសេសស់។ រីឯដំណាក់កាលទី៣ គឺការកសាងតំបន់ហ្កាហ្សាឡើងវិញ៕