(ប៉េកាំង)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា ចិនអំពាវនាវឱ្យមានការរៀបចំឡើង នូវសន្និសីទសន្តិភាពពិតប្រាកដមួយ ដែលនឹងត្រូវបានទទួលស្គាល់ដោយទាំងភាគីរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមាការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេស BRICS នៅប្រទេសរុស្ស៊ី លោក វ៉ាង បាននិយាយដោយដកស្រង់សម្តី ដោយក្រសួងការបរទេសចិនថា «វិបត្តិអ៊ុយក្រែននៅតែបន្ត ចិនគាំទ្រដល់ការរៀបចំឱ្យមានសន្និសីទសន្តិភាពពិតប្រាកដទាន់ពេលវេលាមួយ ដែលត្រូវបានទទួលស្គាល់ទាំងរុស្ស៊ី និងអ៊ុយក្រែន និងដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគី និងការពិភាក្សាដោយស្មោះត្រង់ អំពីផែនការសន្តិភាពទាំងអស់»។

លោក វ៉ាង បាននិយាយទៀតថា «មានគោលដៅតែមួយគត់ដែលចិនសង្ឃឹមថា នឹងសម្រេចបាន នោះគឺការកសាងការឯកភាពគ្នាដើម្បីបញ្ចប់ជម្លោះ និងបើកផ្លូវសម្រាប់ការចរចាសន្តិភាព»។ លោកបានបញ្ជាក់ថា ចិនមិនបានចាប់ផ្តើម ឬចូលរួមក្នុងវិបត្តិអ៊ុយក្រែនទេ ប៉ុន្តែខ្លួនក៏មិនបានអង្គុយនៅទំនេរ ឬកេងប្រវ័ញ្ចស្ថានការណ៍នោះដែរ។

គួរជម្រាបថា កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ​កន្លងទៅ ទីក្រុងប៉េកាំងបានចេញឯកសារ១២ចំណុច ដែលមានចំណងជើងថា «ជំហររបស់ចិនលើការដោះស្រាយវិបត្តិអ៊ុយក្រែនតាមផ្លូវនយោបាយ» ដែលបញ្ជាក់ពីការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ការបញ្ឈប់អរិភាព និងការចាប់ផ្តើមឡើងវិញនូវការចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងក្រុងកៀវ៕