(គៀវ)៖ អ៊ុយក្រែនត្រូវគេរាយការណ៍ថាបានបង្កើនការវាយប្រហារដាក់ចូលទៅក្នុងទឹកដីរុស្ស៊ី។ សេចក្តីរាយការណ៍បាននិយាយថាយន្តហោះចម្បាំង Su-57 របស់រុស្ស៊ីមួយគ្រឿងបានរងការខូច ខាតក្នុងការវាយប្រហារមួយរបស់អ៊ុយក្រែនដាកើលើមូលដ្ឋានទ័ពអាកាសអាក់ធូប៊ីនស៍Akhtubinsk លើទឹកដីរុស្ស៊ីភាគខាងត្បូង។ ការវាយប្រហាររបស់អ៊ុយក្រែននេះ បានទន្ទឹមនឹងបារាំងបានសន្យាផ្តល់យន្តហោះចម្បាំង Mirage 2000-5 ដល់អ៊ុយក្រែនថែមទៀតជាមួយនឹងការ ជួយបង្វឹកទាហានអ៊ុយក្រែនមួយកងពលចំនួន៤ពាន់៥០០នាក់។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodomyr Zelenskiy បានថ្លែងសង្ឃឹមនូវការឃើញយន្តហោះចម្បាំងបារាំង នៅលើដែនអាកាសរបស់អ៊ុយក្រែនបន្ទាប់ពីប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានសន្យាផ្តល់យន្តហោះចម្បាំងប្រភេទ Mirage 2000-5 ។

ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បញ្ជាក់ថា បារាំងនឹងផ្តល់យន្តហោះចម្បាំងប្រភេទ Mirage 2000-5 ដល់អ៊ុយក្រែននិងជួយបង្វឹក Pilot បើកបរយន្តហោះប្រយុទ្ធនេះជាច្រើនពាន់នាក់ថែមទៀត។

លោក Zelenskiy កន្លងមកបានសម្តែងនូវក្តីខកចិត្តចំពោះភាពរង់ចាំជាយូរនៃការសម្រេចចិត្ត របស់ក្រុមសម្ព័ន្ធមិត្តលោកខាងលិច ដែលភាពស្ទាក់ស្ទើរកន្លងមកនៃសេចក្តីសម្រេចចិត្តចំពោះជំនួយមកឱ្យអ៊ុយក្រែននោះ បានធ្វើឱ្យជីវិតទាហានអ៊ុយក្រែននិងទឹកដីមួយចំនួនកាន់តែរបេះបាត់បង់ ចូលក្នុងកណ្តាប់ដៃរបស់រុស្ស៊ី ប៉ុន្តែសេចក្តីសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង ជុំវិញការសន្យាផ្តល់យន្តហោះចម្បាំង Mirage 2000-5 បានធ្វើឱ្យលោកមានក្តីរំភើបជាខ្លាំង។

លោក Zelenskiy បានប្រាប់សមាជិកសភាបារាំងកាលពីសប្តាហ៍មុននៅចំថ្ងៃដែលប្រារព្ធខួប លើកទី៨០ ថ្ងៃ D-Day នៅNormandy ថា លោកនិងប្រជាជនអ៊ុយក្រែន «គង់នឹងឃើញយន្តហោះជាច្រើនដូចគ្នានេះនៅលើផ្ទៃមេឃរបស់អ៊ុយក្រែន ដូចអ្វីដែលគេបានឃើញយន្តហោះ ទាំងនេះនៅលើផ្ទៃមេឃក្នុងក្រុង Normandy» រួចមកនេះ។

លោក Zelenskiy បាននិយាយស្រមៃទុកជាមុនថា យន្តហោះប្រយុទ្ធរបស់បារាំងក្រោមការបញ្ជាផ្ទាល់នៃ Pilots របស់អ៊ុយក្រែននាពេលនោះ នឹងបង្ហាញឱ្យឃើញថាអឺរ៉ុបនឹងខ្លាំងជាងពួកបីសាច ដែលហ៊ានគំរាមដាក់លើទ្វីបអឺរ៉ុបនេះ។ សម្តីស្រមើស្រមៃត្រូវគេរំពឹងថា នឹងអាចក្លាយជាការពិតនាវេលាចុងឆ្នាំ២០២៤ ដោយសារតែការហ្វឹកហ្វឺនយន្តហោះចម្បាំង Mirage 2000-5 នឹងអាចមានរយៈពេលវែងច្រើនខែ។ លោកហ្សេឡិនស្គីថ្លែងប្រៀបធៀបថាពេលនេះគឺដូចជា៨០ឆ្នាំមុន ដែលគេនឹងបង្ហាញសាជាថ្មីនូវនូវការរួបរួមគ្នា, ឥទ្ធិពលនៃសម្ព័ន្ធភាព និងឥទ្ធិពលនៃការចែករំលែកគំនិតនិងទស្សនៈ។

មិនមានសេចក្តីរាយការណ៍ថា តើយន្តហោះចម្បាំង Mirage 2000-5 ចំនួនប៉ុន្មានដែលបារាំង នឹងត្រូវផ្តល់ឱ្យអ៊ុយក្រែនឡើយ ប៉ុន្តែរដ្ឋាភិបាលវិមានអេលីហ្សេបញ្ជាក់ថា «បារាំងនឹងផ្តល់យន្តហោះនិងជួយហ្វឹកហ្វឺនក្រុមពីឡុតដល់អ៊ុយក្រែននាចុងឆ្នាំ២០២៤»នេះ។
ការបញ្ជួនយន្តហោះចម្បាំងបារាំង Mirage 2000-5 ត្រូវគេរាយការណ៍ថា នឹងផ្អែកទៅលើការបង្កើតសម្ព័ន្ធភាពជាមួយនឹងដៃគូប្រទេសនានាដទៃទៀត ដែលពេលនេះនៅមិនទាន់បាន បង្កើតនៅឡើយទេ។ ការបង្កើតសម្ព័ន្ធភាពយន្តហោះនឹងត្រូវដើរទន្ទឹមនឹងក្រុមសម្ព័ន្ធយន្ត ហោះF-16 ដែលមានរួចមកហើយ ដែលក្នុងនោះរួមមានប្រទេសដាណាម៉ាក, ហូឡង់ ដែល ស្ថិតក្នុងចំណោមប្រទេសដែលបញ្ជួនយន្តហោះទាំងនោះទៅឱ្យអ៊ុយក្រែនខណៈអង់គ្លេស ជាប្រទេសដែលនឹងបង្វឹកក្រុមពីឡុតបើកបរ។

លោកប្រធានាធិបតីម៉ាក្រុងបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកនឹងស្នើទៅលោកហ្សេឡិនស្គីឱ្យមានការហ្វឹកហ្វឺនពីឡុត សម្រាប់យន្តហោះបារាំង Mirage 2000-5 នៅក្នុងរដូវក្តៅនេះដែលគេនឹងប្រើពេលវេលាធម្មតាមរវាងពី៥ទៅ៦ខែ។ លោកម៉ាក្រុងបានស្នើថាពីឡុតអ៊ុយក្រែនទាំងនោះ គប្បីត្រូវទៅហ្វឹកហាត់នៅក្នុងប្រទេសបារាំង។ បើយោងតាមគំរោងនៃសម្ព័ន្ធភាពយន្តហោះទាំងនេះ គឺអ៊ុយក្រែននាវេលាចុងឆ្នាំ២០២៤នឹងរំពឹងអាចមានយន្តហោះ F-16 របស់អាមេរិកផងនិងយន្តហោះ Mirage 2000-5 របស់បារាំងផងដើម្បីប្រើប្រាស់តទល់នឹងរុស្ស៊ីនៅក្នុងឆ្នាំ២០២៥។

អ្វីទៅជាយន្តហោះចម្បាំង Mirage 2000-5?
Mirage 2000-5 គឺជាយន្តហោះចម្បាំងដែលមានម៉ាស៊ីនតែមួយ ប៉ុន្តែវាមានតួនាទីប្រើប្រាស់ជាច្រើនប្រភេទណាស់។ ប្រទេសបារាំងមានបំណងដាក់យន្តហោះប្រភេទថ្មី Rafale ជំនួស យន្តហោះ Mirage នៅឆ្នាំ២០៣០ ប៉ុន្តែបារាំងនៅជាមួយគ្នានេះបានរំពឹងនឹងបញ្ចុះបញ្ចូលបណ្តាប្រទេសផ្សេងដទៃទៀតដែលប្រើប្រាស់យន្តហោះប្រយុទ្ធ Mirage នេះផ្គត់ផ្គង់ទៅឱ្យអ៊ុយក្រែន។ លោក Zelenskiy បានទទួលការគាំទ្រយ៉ាងខ្លាំងក្លាក្នុងពេលថ្លែងទៅកាន់សភាជាតិនៃប្រទេសបារាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន។

លោក Zelenskiy បានប្រាប់សមាជិកសភាបារាំង ប្រៀបធៀបលោកពូទីនគឺជាហ៊ីត្លែ័រដែលបានបំពាននឹងខ្សែបន្ទាត់ព្រំដែនពីមួយទៅខ្សែបន្ទាត់មួយ។ លោកបានថ្លែងជាមួយនឹងការដាក់សំណួរនិងចម្លើយរបស់លោកក្នុងពេលតែមួយថា «តើលោកពូទីនអាចឈ្នះសង្រ្គាមបានទេ?»។ លោកហ្សេឡិនស្គី បានឆ្លើយមកវិញខ្លួនឯងថា «ទេ ពីព្រោះយើងគ្មានសិទ្ធិនឹងចាញ់ឡើយ»។ លោកហ្សេឡិនស្គី បានដាក់សំណួរមកទៀតថា «តើសង្រ្គាមនេះអាចបញ្ចប់នៅលើខ្សែបន្ទាត់ ព្រំដែនដែលមានឥឡូវនេះទេ?» លោកហ្សេឡិនស្គីឆ្លើយដោយខ្លួនឯងទៀតថា «ទេពីព្រោះ វាគ្មានខ្សែគំនូសសម្រាប់ពួកបិសាចទាំងនោះឡើយ, ៨០ឆ្នាំមុនក៏មិនមាន និងពេលនេះក៏មិន មានដូចគ្នា»

លោកហ្សេឡិនស្គីបានថ្លែងថាបើសិនជាសង្គ្រាមបញ្ចប់នៅលើខ្សែបន្ទាត់ព្រំដែនដែលមាននៅ ពេលនេះវាគ្រាន់តែការសម្រាកឈប់បាញ់នៅមុនសង្គ្រាមថ្មីមួយនឹងកើតឡើងទៀតតែប៉ុណ្ណោះ…ហើយវានឹងមានសង្គ្រាមថ្មីកើតឡើងថែមទៀតដូចអ្វីដែលពួកបីសាចបានធ្វើការ ឈ្លានពានប្រទេសជិតខាងក្នុងទសវត្សឆ្នាំ១៩៣០។ លោកហ្សេឡិនស្គី បានថ្លែងថា ហ៊ីត្លែរ បានបំពានខ្សែបន្ទាត់ព្រំដែនម្តងហើយម្តងទៀត…ហើយពេលនេះលោកពូទីននឹងធ្វើដូចគ្នា យ៉ាងដូច្នោះដែរ»។

ក្នុងរយៈពេលដែលមានដំណើរទស្សនកិច្ចរបស់លោកហ្សេឡិនស្គីក្នុងប្រទេសបារាំងកាលពី សប្តាហ៍មុននោះ មានអ្នកការទូតខ្លះបាននិយាយថារដ្ឋាភិបាលវិមានអេលីហ្សេ គួរតែយល់ ព្រមបញ្ជូនគ្រូបង្វឹកយោធាបារាំងទៅកាន់ប្រទេសអ៊ុយក្រែនដើម្បីជួយបំពេញភាពចាំបាច់ឱ្យ អ៊ុយក្រែនមានកម្លាំងទ័ពបានច្រើននិងលឿនថែមទៀត។

លោក Macron បាននិយាយថា ក្នុងពេលភ្លាមៗនេះ ប្រទេសបារាំងនឹងជួយបណ្តុះបណ្តាល ជួយរៀបចំបំពាក់និងផ្តល់ហិរញ្ញប្បទានដល់កម្លាំងមួយកងពលតូចអ៊ុយក្រែនចំនួន៤ពាន់៥០០ នាក់ ប៉ុន្តែលោកមិនបានប្រកាសនូវការត្រូវបញ្ជួនទីប្រឹក្សាយោធាសម្រាប់ពេលនេះឡើយ។ លោកម៉ាក្រុងបានថ្លែងថា ការសម្រេចបែបនេះនឹងត្រូវធ្វើឡើងដោយផ្អែកលើការសម្រេចចិត្តរួមគ្នា…និងថាវាមិនគួរមានការហាមឃាត់លើប្រធានបទនេះឡើយ។

លោកម៉ាក្រុងបញ្ជាក់ថា ពេលអ៊ុយក្រែនជួបនឹងឧបសគ្គ គឺគេចាំបាច់ត្រូវតែមានចម្លើយមួយឱ្យអ៊ុយក្រែនវិញ។ ប្រធានាធិបតីបារាំងរូបនោះបាននិយាយថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានប្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន ដោយស្នើទទួចថាអ៊ុយក្រែនត្រូវការការជួយបង្វឹកទាហានអ៊ុយក្រែនឱ្យបានលឿននៅលើទឹកដីរបស់ខ្លួន។

មេដឹកនាំយោធាអ៊ុយក្រែនបានទទួលស្គាល់ថា ស្ថានភាពសមរភូមិខាងកើតមានសភាពយ៉ាប់យ៉ឺន។ សង្គ្រាមរយៈពេលពីរឆ្នាំបានបំផ្លាញគ្រាប់រំសេវ និងកម្លាំងមនុស្សរបស់អ៊ុយក្រែន ហើយការវាយលុកដែលមិនបានសម្រេចកាលពីឆ្នាំមុន បានធ្វើឱ្យស្មារតីអ៊ុយក្រែនកាន់តែធ្លាក់ចុះ។ នៅជាមួយនឹងការសន្យារបស់បារាំង ប្រធានាធិបតីអាមេរិកអាមេរិក បានសន្យាថានឹងមិនបោះបង់អ៊ុយក្រែនឡើយ។ លោកចូបៃដិនបានសន្យាជំនួយអាវុធតម្លៃ២២៥លានដុល្លារដល់អ៊ុយ ក្រែនក្នុងពេលនោះទៀត។

សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ថវិកា៦១ពាន់លានដុល្លារ ដល់ ប្រទេសអ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

សេចក្តីរាយការណ៍បានបង្ហាញថា បើទោះបីជាសភាអាមេរិកបានអនុម័តកញ្ចប់ថវិកា៦១ពាន់ លានដុល្លារដល់អ៊ុយក្រែនក៏ដោយ ក្រុមអ្នកវិភាគបាននិយាយថាវាមិនមែនអាចយកថវិកា នោះទៅទិញគ្រាប់ផ្លោងភ្លាមៗដើម្បីឱ្យអ៊ុយក្រែនធ្វើការវាយប្រហារដាក់លើរុស្ស៊ីបានដែរ។ ចំណោទខ្វះគ្រាប់គឺជាចំណោទដ៏ធំមួយដែល អ៊ុយក្រែនទំនងនឹងប្រឈមដែលក្រុមសម្ព័ន្ធមិត្ត របស់អ៊ុយក្រែនកំពុងតែជម្រុញការផលិតគ្រាប់ ដើម្បីឱ្យអ៊ុយក្រែនអាចមានលទ្ធភាពវាយ ប្រហារដាក់លើកងកម្លាំងរុស្ស៊ី។

អ៊ុយក្រែនបង្កើនការវាយប្រហារដាក់លើទឹកដីរុស្ស៊ីកងកម្លាំងអ៊ុយក្រែនត្រូវគេរាយការណ៍ថា បានវាយប្រហារដាក់លើយន្តហោះចម្បាំង Su-57 របស់រុស្ស៊ីនៅលើមូលដ្ឋានទ័ពអាកាសក្នុងប្រទេសរុស្ស៊ីចម្ងាយជិត៦០០ គីឡូម៉ែត្រពីសមរភូមិមុខ។ យោងតាម The Guardian រូបភាពផ្កាយរណបតាមប្រព័ន្ធ GUR បានបង្ហាញ នូវស្លាក ស្នាមឆេះខ្លោចនិងរណ្តៅដែលរងនឹងការវាយប្រហារ។ យោងតាមរូបភាពផ្កាយ GUR បាន បង្ហាញថា «រូបភាពនៅថ្ងៃទី ៧ខែមិថុនា, យន្តហោះចម្បាំងរបស់រុស្ស៊ី Su-57 បានស្ថិតនៅ ក្នុងកន្លែងរបស់វាដោយគ្មានអ្វីប៉ះពាល់ឡើយ ប៉ុន្តែរូបភាពនៅថ្ងៃទី៨មិថុនា មានស្នាមបែក និងចំណុចស្នាមផ្ទុះដែលបង្កមកការឆេះនៅក្បែរនោះ»

The Guardian បានរាយការណ៍ថាការវាយប្រហារនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ទី៨ មិថុនានៅលើមូល ដ្ឋានទ័ពអាកាសAkhtubinskលើទឹកដីរុស្ស៊ីភាគខាងត្បូង។ ការវាយប្រ ហារដែលគេជឿថាបានធ្វើឱ្យខូចយន្តហោះចម្បាំងរបស់រុស្ស៊ីនោះ ត្រូវកាសែត Daily Kos និយាយថាគឺធ្វើឡើងដោយយន្តហោះអ៊ុយក្រែនជាលើកដំបូងដែលបានបាញ់មីស៊ីលដាក់ទៅ ក្នុងទឹកដីរបស់រុស្ស៊ីវិញ ប៉ុន្តែរុស្ស៊ីនៅមិនទាន់មានប្រតិកម្មអ្វីឡើយចំពោះការអះអាងទាំងនេះ៕