(កៀវ)៖ យោធាអ៊ុយក្រែនបានអះអាងថា ខ្លួនបានវាយប្រហារប្រព័ន្ធមីស៊ីលរបស់រុស្ស៊ីចំនួនបី នៅតំបន់គ្រីមៀនាព្រឹកព្រលឹមថ្ងៃចន្ទនេះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

ប្រព័ន្ធ S-300 មួយត្រូវបានវាយប្រហារនៅជិតទីក្រុង Yevpatoria ភាគខាងលិចតំបន់គ្រីមៀ ខណៈដែលមួយទៀតត្រូវបានវាយប្រហារនៅជិតភូមិ Chornomorske ដែលជិតខាង។ ក្រៅពីនេះ មីស៊ីលដែលបាញ់ដោយកងកម្លាំងអ៊ុយក្រែន ក៏បានវាយប្រហារលើប្រព័ន្ធ S-400 នៅតំបន់ Dzhankoy នៅភាគខាងជើងតំបន់គ្រីមៀផងដែរ។

ការវាយប្រហារនេះ បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញស្ថានីយ៍រ៉ាដានៅក្នុងទីតាំងទាំងនោះ។ យោធាអ៊ុយក្រែនបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនៅឧបទ្វីបគ្រីមៀ បានរងការខាតបង់យ៉ាងច្រើន ដោយសារតែការវាយប្រហាលើកនេះ៕