(ប៉ារីស)៖ ក្រុមចោរមួយក្រុមបានបើករថយន្តបុកទម្លុះហាង Chanel ដ៏ល្បីល្បាញ ស្ថិតនៅក្បែរមហាវិថី Champs-Elysees ក្នុងទីក្រុងប៉ារីស នៅព្រឹកថ្ងៃចន្ទនេះ មុនពេលដុតរថយន្តប្លន់នោះចោល រួចបើករថយន្តមួយគ្រឿងទៀតគេចខ្លួន នេះបើតាមប្រភពព័ត៌មានពីប៉ូលីស ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍ប្លន់នេះ បានកើតឡើងនៅវេលាម៉ោង ៥:១៥នាទីព្រឹក នៅតាមផ្លូវ Avenue Montaigne។ ប្រភពប៉ូលីសបានបញ្ជាក់ថា ការខូចខាតនៅមិនទាន់អាចកំណត់បាននៅឡើយ។ ប្រភពប៉ូលីសបានបន្ថែមថា «ក្រុមចោរបានប្រើរថយន្តមួយគ្រឿង ដើម្បីបុកទម្លុះចូលក្នុងហាង Chanel បន្ទាប់មកបានបើករថយន្តមួយគ្រឿងទៀតគេចខ្លួន ព្រមទាំងយកទំនិញមួយចំនួនពីក្នុងហាងទៅជាមួយ»

ប៉ូលីសបានបញ្ជាក់ថា ជនល្មើសបានដុតរថយន្តដែលប្រើបុកហាងចោលមុនពេលរត់គេចខ្លួន ប៉ុន្តែអ្នកពន្លត់អគ្គីភ័យបានមកដល់ទាន់ពេលវេលា និងគ្រប់គ្រងអគ្គីភ័យបាន។ បើតាមប្រភពដែលជិតស្និទ្ធនឹងករណីនេះ មានជនសង្ស័យចំនួន ៤នាក់ត្រូវបានសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងការវាយប្លន់នេះ។

គួរបញ្ជាក់ផងដែរថា កាលពីខែឧសភាកន្លងទៅនេះ ក្រុមចោរប្រដាប់ដោយអាវុធវែង បានធ្វើសកម្មភាពប្លន់គ្រឿងអលង្ការពីហាង Harry Winston ដែលស្ថិតនៅជិតមហាវិថី Champs-Elysees នេះផងដែរ មុនពេលរត់គេចខ្លួនដោយម៉ូតូ។ ជនសង្ស័យនៅតែមិនទាន់រកឃើញ ហើយការខាតបង់ត្រូវបានប៉ាន់ស្មានថា មានចន្លោះពី ៦.៥លានដុល្លារ ទៅ ១០.៨លានដុល្លារ។

លើសពីនេះ កាលពីឆ្នាំមុននៅទីក្រុង Lille ភាគខាងជើងប្រទេសបារាំង ក្រុមចោរក៏ធ្លាប់បានបើករថយន្តបុកហាងលក់ទំនិញប្រណីតៗជាច្រើនលើកច្រើនសារ ដើម្បីលួចយកកាបូប និងវត្ថុមានតម្លៃផ្សេងទៀតផងដែរ៕