(បាងកក)៖ កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា លទ្ធផលស្ទង់មតិមួយ បានបង្ហាញឱ្យឃើញថា ប្រជាជនថៃភាគច្រើនហាក់ពុំសប្បាយចិត្តឡើយ ជាមួយរដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីលោក សេដ្ឋា ថាវីស៉ីន ដែលបានឡើងដឹកនាំប្រទេស កាលពី៩ខែមុន ស្របពេលដែលមិនអាចដោះស្រាយបញ្ហាជាតិចម្បងៗ និងអនុវត្តគោលនយោបាយសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។
ការស្ទាបស្ទង់មតិ ក្នុងចំណោមមនុស្ស១,៣១០នាក់ ដែលធ្វើឡើងដោយវិទ្យាស្ថានជាតិថៃ National Institute of Development Administration ហៅកាត់ NIDA កាលពីចន្លោះថ្ងៃទី៤-៥ ខែមិថុនា បានបង្ហាញថា ២ភាគ៣ នៃអ្នកចូលរួមការស្ទង់មតិនោះ គឺហាក់មិនសូវពេញចិត្ត ឬមិនពេញចិត្តសោះតែម្តង ចំពោះការដឹកនាំរបស់រដ្ឋាភិបាល។ ប្រមាណជា៧០ភាគរយ មិនមានភាពជឿជាក់នោះទេ ចំពោះសមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហារបស់ប្រទេស ដ្បិតមិនទាន់ឃើញមាន ការផ្លាស់ប្តូរធំដុំនិងលទ្ធផលច្បាស់លាស់ណាមួយ នៅឡើយទេ។
លោក សេដ្ឋា ដែលជាមហាសេដ្ឋីចលនទ្រព្យថៃម្នាក់ បានជួបការលំបាកក្នុងការផ្តល់សន្ទុះឡើងវិញ ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ប្រចាំតំបន់អាស៉ីអាគ្នេយ៍មួយនេះ ស្របពេលសេដ្ឋកិច្ចថៃ បាននិងកំពុងដើរយឺតជាងប្រទេសមួយចំនួនទៀត នៅក្នុងតំបន់។ រដ្ឋាភិបាលថៃ កំពុងបន្តឆ្ពោះទៅមុខ នូវផែនការទំហំ៥០០ពាន់លានបាត ឬស្មើនឹង១៣.៦ពាន់លានដុល្លារអាមេរិក ស្តីពីការផ្តល់ជាប្រាក់ឧបត្ថម្ភផ្ទាល់ ដល់ប្រជាជនតាមគ្រួសារ ដែលត្រូវបានរំពឹងថា នឹងចាប់ផ្តើមអនុវត្ត នៅក្នុងត្រីមាសទី៤ នៃឆ្នាំនេះ ដើម្បីជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រទេស។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ តុលាការធម្មនុញ្ញថៃ ទើបតែបានសម្រេចទទួលយក ញត្តិតវ៉ាពីសមាជិកព្រឹទ្ធសភាថៃមួយក្រុម ដែលមានគោលដៅចង់ដកតំណែងនាយករដ្ឋមន្រ្តីរបស់លោក សេដ្ឋា ជុំវិញការតែងតាំងមេធាវីម្នាក់ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក ខណៈមេធាវីរូបនោះ ធ្លាប់មានទោសជាប់ពន្ធនាគារពីមុនមក។ នៅពេលត្រូវបានសាកសួរអំពីការប្រែប្រួល ដែលអាចកើតមានក្នុងរដ្ឋាភិបាល នៅក្នុងរយៈពេល២ខែខាងមុខ ៤៣ភាគរយនៃអ្នកចូលរួមស្ទង់មតិរបស់វិទ្យាស្ថាន NIDA បាននិយាយថា ពួកគេរំពឹងថា លោក សេដ្ឋា នឹងនៅកាន់តំណែងជានាយករដ្ឋមន្រ្តីដដែល៕