(បែន)៖ រដ្ឋាភិបាលស្វីស បានប្រកាសនៅថ្ងៃចន្ទនេះថា មានប្រទេសនិងអង្គការ សរុបចំនួន៩០ ចុះឈ្មោះចូលរួមកិច្ចប្រជុំកំពូល ដែលនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរក សន្តិភាពសម្រាប់អ៊ុយក្រែន រៀបចំដោយប្រទេសស្វីស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤។

រុស្ស៉ី មិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំកំពូល ដែលនឹងរៀបចំនៅភាគកណ្តាលប្រទេសស្វីសនេះទេ ប៉ុន្តែរដ្ឋាភិបាលស្វីស និយាយថា កិច្ចប្រជុំនេះ នឹងរួមគ្នាព្យាយាមកំណត់ផែនការមួយ ស្តីពីមធ្យោបាយដើម្បីអាចឱ្យមានការចូលរួមពី ភាគីទាំង២នៃជម្លោះ ទាំងអ៊ុយក្រែន និងទាំងរុស្ស៉ី នៅក្នុងដំណើរការស្វែងរកសន្តិភាពមួយ នាពេលអនាគត។ រដ្ឋមន្រ្តីការបរទេសស្វីស លោកស្រី Ignazio Cassis បានឱ្យដឹងថា កិច្ចប្រជុំកំពូលធ្វើឡើង ដើម្បីពិភាក្សាលើវិស័យ ដែលមានការព្រួយបារម្ភយ៉ាងខ្លាំងជាអន្តរជាតិ ដូចជាបញ្ហានុយក្លេអ៊ែរ និងតម្រូវការសន្តិសុខស្បៀង សេរីភាពនៃការធ្វើនាវាចរណ៍ ក៏ដូចជាបញ្ហាមនុស្សធម៌ អ្នកទោសសង្គ្រាមជាដើម។

គួរបញ្ជាក់ថា រុស្ស៉ី ​បាន​រិះគន់ផែនការនៃកិច្ចប្រជុំកំពូលនេះ ​ថា​ជា​ការ​ខ្ជះខ្ជាយ​ពេលវេលា។ ចំណែក ស្វីស​វិញនិយាយថា ដោយ​សារ​រុស្ស៉ីបង្ហាញការមិនចាប់​អារម្មណ៍​ចូល​រួម ប៉ុន្តែក៏បានសង្កត់ធ្ងន់ដែរថា រុស្ស៉ីគឺជាផ្នែកចាំបាច់មួយនៃដំណើរការសន្តិភាព៕