(ស៉ីដនី)៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albanese បានថ្កោលទោសសកម្មភាពបង្កការបំផ្លិចបំផ្លាញ ទៅលើស្ថានកុងស៊ុលរបស់សហរដ្ឋអាមេរិកប្រចាំទីក្រុងស៉ីដនី បន្ទាប់ពីអគារមួយខ្នងបានរងការខូចខាត ដែលបើតាមប្រព័ន្ធផ្សព្វផ្សាយស្រុកថា សកម្មភាពនោះទំនងជាការតវ៉ាពីក្រុមគាំទ្រប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤។
អគារនៃស្ថានកុងស៊ុលអាមេរិកស្ថិតនៅឯជាយក្រុង ភាគខាងជើងរដ្ឋធានីស៉ីដនី ត្រូវបានវាយឱ្យខូចខាត និងបាញ់ថ្នាំពណ៌ កាលពីវេលាម៉ោងប្រហែល ៣ទៀបភ្លឺថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យខូចខាតទ្វារ និងបង្អូចចំនួន ៩។ អ្នកនាំពាក្យរបស់ប៉ូលិស បានប្រាប់ Reuters តាមទូរស័ព្ទថា «កាមេរ៉ាសុវត្ថិភាព បង្ហាញឱ្យឃើញមនុស្សម្នាក់ បិទមុខ ទំនងដូចជាមានកាន់ញញួរតូចមួយ។ ពេលនេះ ប៉ូលិសសហព័ន្ធអូស្ត្រាលី និងប៉ូលិសរដ្ឋ New South Wales កំពុងស៉ើបអង្កេត។
លោក Albanese បានប្រាប់សន្និសីទសារព័ត៌មានតាមកញ្ចក់ទូរទស្សន៍ ចេញពីទីក្រុងកង់បេរ៉ា យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែអាចនិយាយថា ប្រជាជនគួរតែវែកញែកបញ្ហានយោបាយ ប្រកបដោយការគោរព។ សកម្មភាព ដូចជាការបាញ់ថ្នាំពណ៌ ទៅលើអគារនៃស្ថានកុងស៊ុលអាមេរិក មិនអាចជួយអ្វីបានទេ។ អ្នកប្រព្រឹត្តសកម្មភាពអាចត្រឹមតែជាប់ពាក់ព័ន្ធ នឹងបទល្មើសធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ»។
គួរបញ្ជាក់ថា កាលពីខែមេសា ក៏ធ្លាប់មានករណីបាញ់ថ្នាំលើអគារដូចគ្នានេះ ខណៈស្ថានកុងស៊ុលអាមេរិក នៅឯទីក្រុង Melbourne ឯណោះវិញត្រូវបានសកម្មជនគាំទ្រប៉ាឡេស្ទីនគូរវាស កាលពីខែឧសភា៕