(គែរ)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ ក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃចន្ទនេះ បានទទូចឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើអ៉ីស្រាអែល ដើម្បីបិទបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា (Gaza) មុនដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងក្នុងថ្ងៃនេះ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken មកកាន់មជ្ឈិមបូព៌ា ក្រោមគោលដៅជំរុញ កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។
លោក Blinken នឹងត្រូវមកដល់ប្រទេសអេហ្ស៉ីប ព្រមទាំងអ៉ីស្រាអែល នាថ្ងៃចន្ទនេះ ហើយលោកក៏មានគោលដៅធានាឱ្យបានដែរថា សង្រ្គាមនឹងមិនរីករាលដាលទៅកាន់ប្រទេសលីបង់។ មន្រ្តីជាន់ខ្ពស់ហាម៉ាស លោក Sami Abu Zuhri បាននិយាយដូច្នេះថា «យើងអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិក ដាក់សម្ពាធលើការត្រួតត្រា (ចង់សំដៅលើអ៉ីស្រាអែល) ដើម្បីបញ្ឈប់សង្រ្គាមនៅ Gaza ហើយចលនាហាម៉ាសត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបដោយភាពវិជ្ជមាន ចំពោះកិច្ចផ្តួចផ្តើមនានា ដែលធានាដល់ការបញ្ចប់សង្រ្គាម»។
ក្នុងដំណើរទស្សនកិច្ចជាលើកទី៨ មកកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីក្រុមហាម៉ាស វាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានបង្កឱ្យផ្ទុះ សង្រ្គាមដ៏បង្ហូរឈាមបំផុត នៅក្នុងជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន លោក Blinken ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសហ៊្សកដានី និងកាតាផងដែរ ក្នុងសប្តាហ៍នេះ។ យោងតាមកាលវិភាគរបស់ក្រសួងការបរទេសអាមេរិក លោក Blinken នឹងជួបប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi នៅទីក្រុងគែរ មុនបន្តដំណើរទៅអ៉ីស្រាអែល ក្នុងថ្ងៃចន្ទដដែល ដើម្បីជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant។
គួរបញ្ជាក់ថា ការវាយប្រហាររបស់ហាម៉ាស បានសម្លាប់មនុស្សប្រហែល១,២០០នាក់ នៅប្រទេសអ៉ីស្រាអែល ហើយចំណាប់ខ្មាំង ២៥០នាក់ ត្រូវបានចាប់យកទៅ Gaza។ ជាការសងសឹកតបតវិញ អ៉ីស្រាអែលបានធ្វើការវាយលុកលើតំបន់ Gaza ដែលបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន សរុបកើនដល់លើស៣៧,០០០នាក់ហើយ គិតមកទល់ពេលនេះ៕