(សេអ៊ូល)៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសថា លោក Yoon Suk Yeol បានចាប់ផ្តើមដំណើរទស្សនកិច្ច ទៅកាន់តំបន់អាស៉ីកណ្តាល នាថ្ងៃចន្ទនេះ សម្រាប់កិច្ចពិភាក្សាដើម្បីពង្រឹងទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដូចជាថាមពល និងរ៉ែជាដើម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤។

លោក Yoon នឹងទៅដល់ប្រទេសតួកម៉េនីស្ថានមុនគេ រួមជាមួយភរិយារបស់លោក បន្ទាប់មកទើបចាកចេញទៅកាន់ ប្រទេសកាហ្សាក់ស្ថាន ក៏ដូចជាអ៊ូសបេគីស្ថាន ជាទីដែលគេរំពឹងថា លោកនឹងចុះកិច្ចព្រមព្រៀងមួយចំនួន និងចូលរួមវេទិការធុរកិច្ច ផងដែរ។ នៅឯ កាហ្សាក់ស្ថាន លោក Yoon ត្រូវពិភាក្សាជាមួយប្រធានាធិបតី លោក Kassym-Jomart Tokayev អំពីវិធានការពង្រីកកិច្ចសហប្រតិបត្តិការខ្សែចង្វាក់ផ្គត់ផ្គង់ នៃសារធាតុរ៉ែសំខាន់ៗ។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំនៃប្រទេសអាស៉ីកណ្តាលចំនួន ៥ នៅឆ្នាំ ២០២៥។ ដំណើរទស្សនកិច្ចរបស់ លោក Yoon ទៅកាន់តំបន់អាស៉ីកណ្តាលនាពេលនេះ ត្រូវបានគេមើលឃើញថា គឺជាកិច្ចខិតខំប្រឹងប្រែងថ្មីចុងក្រោយរបស់ទីក្រុងសេអ៊ូល ក្នុងការពង្រីកទំនាក់ទំនងការទូត និងភាពជាដៃគូនានា ដើម្បីធានាដល់ទីផ្សារ ការផ្គត់ផ្គង់ថាមពល និងធនធានផ្សេងៗទៀត៕