(វែលីងតោន)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក Christopher Luxon បាននិយាយនៅថ្ងៃចន្ទនេះថា នាយករដ្ឋមន្រ្តីចិន លោក Li Qiang នឹងបំពេញទស្សនកិច្ច មកកាន់ប្រទេសរបស់លោក ក្នុងសប្តាហ៍នេះ ខណៈវានឹងជាដំណើរទស្សនកិច្ចលើកដំបូង របស់នាយករដ្ឋមន្រ្តីនៃប្រទេសចិន នៅនូវែលសេឡង់ គិតក្នុងរយៈពេល ៧ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

លោក Luxon បាននិយាយថា រូបលោកទន្ទឹងរង់ចាំផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់លោកនាយករដ្ឋមន្រ្តី Li នៅនូវែលសេឡង់ ហើយលោកមានក្តីសង្ឃឹមថា ដំណើរបំពេញទស្សនកិច្ចនោះ នឹងបម្រើជាឱកាសដ៏មានតម្លៃមួយ សម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិ នៅក្នុង​វិស័យផ្សេងៗរវាងប្រទេសទាំងពីរ។ លោក Luxon បានបន្ថែមដូច្នេះថា «ចំណោះមុខទស្សនៈវិស័យសកល ដែលកំពុងមានភាពប្រឈមខ្លាំង វាគឺជារឿងចាំបាច់ ដែលយើងត្រូវចែករំលែកការយល់ឃើញ និងធ្វើប្រាស្រ័យទាក់ទងជាមួយចិន ស្តីពីបញ្ហាដែលសំខាន់ៗ ចំពោះនូវែលសេឡង់»

គួរបញ្ជាក់ថា វាក៏នឹងជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី២របស់ចិន មកកាន់ប្រទេសនូវែលសេឡង់ផងដែរ គិតក្នុងឆ្នាំនេះ បន្ទាប់ពីការបំពេញទស្សនកិច្ចរបស់​រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi កាលពីចុងខែមីនា។ អំឡុងទស្សនកិច្ចរបស់លោក Wang រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ បានជជែកគ្នាអំពី វិស័យពាណិជ្ជកម្ម ធុរកិច្ច ព្រមទាំងសន្តិសុខ នៅតំបន់ប៉ាស៉ីហ្វិក រួមជាមួយចំណុច​ខ្វែងគំនិតគ្នាមួយចំនួន រួមមានទាំងសិទ្ធិមនុស្ស និងស្ថានការណ៍នៅ ស៉ីនជាំង ហុងក្រុង និងទីបេ។ ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់​នូវែលសេឡង់។ ខាងរដ្ឋាភិបាលនូវែលសេឡង់ មិនទាន់ចេញកាលបរិច្ឆេទជាក់លាក់ នៅឡើយទេ នៃដំណើរទស្សនកិច្ចរបស់លោក Li៕