(សេអ៊ូល)៖ ក្រុមមន្រ្តីទីក្រុងសេអ៊ូលបានឱ្យដឹងថា នាថ្ងៃចន្ទនេះ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងបើកកិច្ចពិភាក្សានៅសេអ៊ូល ដើម្បីអាចធ្វើការជាមួយគ្នា ឱ្យកាន់តែប្រសើរ ជុំវិញចំណាត់ការឆ្លើយតបអាវុធនុយក្លេអ៊ែរ ក្នុងករណីផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

កិច្ចប្រជុំជុំទី៣ នៃក្រុមប្រឹក្សានុយក្លេអ៊ែរ ហៅកាត់ NCG ត្រូវបានរចនាឡើង ដើម្បីជាការជជែកគ្នា បន្តពីកិច្ចប្រជុំកំពូលរវាងសម្ព័ន្ធមិត្តទាំងពីរ កាលពីឆ្នាំ២០២៣ ដែលអំឡុងពេលនោះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ ការយល់ដឹងស៉ីជម្រៅជាងមុនដល់កូរ៉េខាងត្បូង ពាក់ព័ន្ធផែនការនុយក្លេអ៊ែររបស់ខ្លួន ក្នុងករណីសង្រ្គាម ត្រូវផ្ទុះឡើងជាមួយកូរ៉េខាងជើង។ ការបើកកិច្ចពិភាក្សាទាំងនេះ គឺស្របពេលដែលកូរ៉េខាងជើង កំពុងបោះជំហានទៅមុខយ៉ាងរហ័ស ក្នុងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធសម្រាប់បាញ់ពួកវា ខណៈប្រការនេះបានបង្កជាសំណួរនៅកូរ៉េខាងត្បូង អំពីការពឹងទៅផ្អែកទៅលើ ​ការការពាររបស់អាមេរិក ឬអាចនិយាយបានថា​ ទៅលើឆត្រនុយក្លេអ៊ែរអាមេរិក។

អ្នកនយោបាយមួយចំនួន រួមមានទាំងសមាជិកជាន់ខ្ពស់ នៅក្នុងគណបក្សរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានអំពាវនាវឱ្យទីក្រុងសេអ៊ូល អភិវឌ្ឍអាវុធនុយក្លេអ៊ែរដោយខ្លួនឯងផ្ទាល់តែម្តង ដែលជារឿងត្រូវទីក្រុងវ៉ាស៉ីនតោន ចេញមុខជំទាស់។ កិច្ចប្រជុំ NCG នាថ្ងៃចន្ទនេះ នឹងត្រូវដឹកនាំដោយ អនុរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង លោក Cho Chang-rae និងឧបការីរដ្ឋមន្រ្តីស្តីទី​នៃក្រសួងការពារជាតិអាមេរិក លោក Vipin Narang។

គួរបញ្ជាក់ថា ក្រោយជំនួបលើកទី២ កាលពីខែធ្នូ ឆ្នាំមុន ភាគីទាំងពីរបានព្រមានថា ការវាយប្រហារណាមួយដោយនុយក្លេអ៊ែរ ពីសំណាក់​កូរ៉េខាងជើង ប្រឆាំងសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តរបស់អាមេរិក នឹងត្រូវទទួលរងទៅវិញ នូវការឆ្លើយតបដែលរហ័ស ខ្លាំងក្លាលើសលប់ ព្រមទាំងម៉ឺងម៉ាត់ជាទីបំផុត ហើយវានឹងជាទីបញ្ចប់នៃរបបដឹកនាំរបស់លោក គីម ជុងអ៊ុន មិនខានឡើយ៕