(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា ក្រុមប្រឹក្សាអាណាព្យាបាល (Guardian Council) អ៉ីរ៉ង់ បានអនុម័តឱ្យបេក្ខជនចំនួន ៦រូប ឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅចុងខែមិថុនាខាងមុខនេះ បន្ទាប់ពីការស្លាប់របស់លោក Ebrahim Raisi។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

តាមបញ្ជីរាយនាមបេក្ខជនដែលប្រកាស ដោយអ្នកនាំពាក្យការិយាល័យបោះឆ្នោត បេក្ខជនទាំង ៦រូបនោះ រួមមានលោក Mohammad Baqer Qalibaf ប្រធានសភាអ៉ីរ៉ង់ដែល គេស្គាល់ថាជាបុគ្គលមានគោលជំហររឹងរូស និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍។ លោក Saeed Jalili អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងធ្លាប់គ្រប់គ្រងការិយាល័យរបស់លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៉ីរ៉ង់អស់រយៈពេល ៤ឆ្នាំ។ លោក Alireza Zakani អភិបាលក្រុងតេហេរ៉ង់បច្ចុប្បន្ន។ លោក Masoud Pezeshkian សមាជិកសភា អ៉ីរ៉ង់កំណែទម្រង់និយម។ លោក Mostafa Pourmohammadi អតីតរដ្ឋមន្ត្រីមហាផ្ទៃ និងលោក Amir-Hossein Ghazizadeh Hashemi អ្នកនយោបាយអភិរក្សនិយម។ ក្រោយការប្រកាសសមាសភាពបេក្ខជនរួចរាល់ សកម្មភាពបម្រើបោះឆ្នោតរបស់ពួកគេ នឹងត្រូវចាប់ផ្តើមជាផ្លូវការ។

គួរបញ្ជាក់ថា អ៉ីរ៉ង់ នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នៅថ្ងៃទី២៨ ខែមិថុនា។ ក្រុមប្រឹក្សាអាណាព្យាបាល បានដកសិទ្ធិអតីតប្រធានាធិបតី លោក Mahmoud Ahmadinejad និងអតីតប្រធានសភា លោក Ali Larijani ដែលជាអ្នកអភិរក្សដ៏លេចធ្លោម្នាក់ មិនឱ្យចូលរួមប្រកួតប្រជែងនោះទេ៕