(គែរ)៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាន និងកំពុងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា ដើម្បីជំរុញបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា ប៉ុន្តែបញ្ហានយោបាយក្នុងស្រុករបស់អ៉ីស្រាអែល និង​ភាព​ស្ងៀមស្ងាត់​ពី​ក្រុម​ហាម៉ាស ​បាន​ចោទ​ជា​សំណួរ​បន្ថែម​ទៀត​ថា តើ​លោក Blinken អាច​ទទួលបានជោគជ័យ​ឬ​អត់ ក្នុងកិច្ចប្រឹងប្រែងផ្នែកការទូតនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងដំណើរទស្សនកិច្ចលើកទី៨ ទៅកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីសង្រ្គាមអ៉ីស្រាអែល-ហាម៉ាសផ្ទុះឡើង លោក Blinken បានទៅប្រទេសអេហ្ស៉ីប មុននឹងបន្តដំណើរ ទៅអ៉ីស្រាអែល នាថ្ងៃចន្ទនេះ។ លោក Blinken ត្រូវចូលរួមជំនួបបិទទ្វារលើកដំបូង ជាមួយប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi នៅក្នុងទីក្រុងគែរ ដោយអាចពិភាក្សាគ្នាអំពីដំណោះស្រាយ បើកច្រកចេញ-ចូលនៅទីក្រុង Rafah។

លោក Blinken មានបំណងជំរុញផែនការបទឈប់បាញ់ដែលលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃទី៣១ ខែឧសភា នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមហ្កាហ្សា។ ប៉ុន្តែមកទល់ពេលនេះ ក្រុមហាម៉ាសដែលជាភាគីជម្លោះជាមួយអ៉ីស្រាអែល មិនទាន់ឆ្លើយតបជាផ្លូវនៅឡើយទេ។

ស្របពេលជាមួយគ្នានេះ សមាជិកនៃគណៈរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្រ្គាមរបស់ លោក Netanyahu មកពីគណបក្សនយោបាយមាននិន្នាការកណ្តាល នៅអ៉ីស្រាអែល លោក Benny Gantz បានសម្រេចចិត្តចាកចេញពីក្រុមចម្រុះរដ្ឋាភិបាល ដោយការណ៍នេះបានរំលេចជាបញ្ហាថ្មីមួយទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងការទូតរបស់ សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា លោក Blinken ក៏នឹងទៅសួរសុខទុក្ខដៃគូអារ៉ាប់ដ៏សំខាន់ពីរទៀតគឺ ហ្ស៊កដានី និងកាតា មុនពេលត្រលប់មកវិញនៅថ្ងៃពុធនេះ ដើម្បីអមដំណើរលោក បៃដិន ចូលរួមកិច្ចប្រជុំកំពូល G7 នៅអ៉ីតាលី៕