(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ បាននិយាយថាកូរ៉េខាងជើងបានបង្ហោះបាឡុងសណ្តោងសំរាមរាប់រាយបន្ថែមទៀត ចូលក្នុង ដីកូរ៉េខាងត្បូង បន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងទីក្រុងសេអ៊ូល ជុំវិញការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេង នៅតាមតំបន់ព្រំដែន និងការបង្ហោះខិត្តប័ណ្ណរិះគន់ចូលដីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបង្ហោះបាឡុងសំរាមប្រហែលជា ៣១០បាឡុងបន្ថែមឆ្លងព្រំដែនកាលពីយប់ថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទនេះ។ បាឡុងរបស់ កូរ៉េខាងជើងទាំងនេះមានសណ្ដោងសំរាមដូចជាកម្ចេចក្រដាស និងបាស្ទិគ តែមិនទាន់មានសេចក្ដីរាយការណ៍ពីសារធាតុគ្រោះថ្នាក់ណាមួយនៅឡើយទេ មកទល់នឹងពេលនេះ។

ទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ក៏បានបង្ហោះបាឡុងសណ្ដោងសំរាមប្រហែលជា ៣៣០បាឡុង ចូលដីកូរ៉េខាងត្បូងផងដែរដោយអះអាងថា ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុ​ន ពីសំណាក់សកម្មជនមួយក្រុមក្នុងប្រទេសកូរ៉េខាងត្បូង។ ព្រមពេលជាមួយគ្នា កូរ៉េខាងត្បូង បានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើង នៅតាមតំបន់ព្រំដែន ក្រោយព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយ កូរ៉េខាងជើងកាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា ការបង្ហោះបាឡុងសំរាមចូលដីកូរ៉េខាងត្បូងជាថ្មីនេះដែរ កើតមានឡើងបន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានព្រមានចាត់វិធានការឆ្លើយវាយបក ប្រសិនបើទីក្រុងសេអ៊ូល បន្តប្រើឧបករណ៍បំពងសំឡេងឃោសនានៅតាមតំបន់ព្រំដែន និងបង្ហោះខិត្តប័ណ្ណរិះគន់ប្រឆាំង ទីក្រុងព្យុងយ៉ាង ចូលដីកូរ៉េខាងជើង។

អ្នកនាង គីម បានកត់សម្គាល់ដូច្នេះថា «ប្រសិនបើសាធារណរដ្ឋកូរ៉េខាងត្បូង (ROK) ប្រើប្រាស់ឧបករណ៍បំពងសំឡេង និងបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណបង្ករឿង ឆ្លងព្រំដែន នោះវានឹងជំរុញឱ្យមានការចាត់វិធានការតបតវិញថ្មីៗពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK, កូរ៉េខាងជើង)»