(សេអ៊ូល)៖ ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង បានព្រមានចាត់វិធានការឆ្លើយតបប្រឆាំងកូរ៉េខាងត្បូង ប្រសិនបើទីក្រុង សេអ៊ូល បន្តប្រើឧបករណ៍បំពងសំឡេងឃោសនានៅតាមតំបន់ព្រំដែន និងបង្ហោះខិត្តប័ណ្ណរិះគន់ប្រឆាំងទីក្រុងព្យុងយ៉ាង ចូលដីកូរ៉េខាងជើង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមានរបស់អ្នកនាង គីម យ៉ូជុង ធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។ អ្នកនាង គីម បានកត់សម្គាល់ដូច្នេះថា «ប្រសិនបើសាធារណរដ្ឋកូរ៉េខាងត្បូង (ROK) ប្រើប្រាស់ឧបករណ៍បំពងសំឡេង និងបង្ហោះបាឡុង សណ្ដោងខិត្តប័ណ្ណបង្ករឿងឆ្លងព្រំដែន នោះវានឹងជំរុញឱ្យមានការចាត់វិធានការតបតវិញថ្មីៗពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK, កូរ៉េខាងជើង)»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងឃោសនារិះគន់កូរ៉េខាងជើង បន្ទាប់ពីទីក្រុង ព្យុងយ៉ាង បង្ហោះបាឡុងសណ្ដោងសំរាមប្រហែលជា ៣៣០បាឡុង ចូលដីកូរ៉េខាងត្បូងសាជាថ្មី ជាការឆ្លើយតបទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុ​ន ពីសំណាក់សកម្មជនមួយក្រុមក្នុងប្រទេសកូរ៉េខាងត្បូង៕