(អ៊ីស្លាម៉ាបាដ)៖ ការបំផ្ទុះគ្រាប់បែកដែលមានគោលដៅលើរថយន្តយោធា បានសម្លាប់ទាហាន៧នាក់នៅថ្ងៃអាទិត្យនេះ នៅភាគពាយព្យនៃប៉ាគីស្ថាន តាមបណ្ដោយព្រំដែនជាមួយអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Lakki Marwat ដែលស្ថិតនៅជាយក្រុង នៃតំបន់កុលសម្ព័ន្ធគ្មានច្បាប់ ដែលស្ថិតនៅតាមព្រំដែននៃប្រទេសទាំងពីរ។ ឧបករណ៍បំផ្ទុះដែលផលិតដោយដៃ បានផ្ទុះនៅជិតរថយន្តយោធាមួយគ្រឿង បណ្ដាលឱ្យមានការស្លាប់ទាហាន៧នាក់ រួមទាំងមន្រ្តីម្នាក់ផងដែរ។ កងទ័ពបានថ្លែងនៅក្នុងសេចក្ដីប្រកាសមួយថា «អ្នកប្រព្រឹត្តអំពើឃោរឃៅនេះនឹងត្រូវនាំយកមកផ្ដន្ទាទោសតាមច្បាប់»

មិនមានភាគីណាទទួលខុសត្រូវភ្លាមៗនោះទេ។ តំបន់កុលសម្ព័ន្ធនេះតាំងពីយូរលង់ណាស់មកហើយ គឺជាទីជម្រកសុវត្ថិភាពសម្រាប់ពួកសកម្មប្រយុទ្ធអ៊ីស្លាម ដែលធ្វើសកម្មភាពនៅ​សងខាង​ព្រំដែន។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងនិកាយនិយម ដែលហៅថា Tehreek-e-Taliban Pakistan (TTP) បានធ្វើសង្រ្គាមប្រឆាំងនឹងរដ្ឋដើម្បីព្យាយាមផ្ដួលរំលំរដ្ឋាភិបាល។ ពួកគេចង់ដឹកនាំប៉ាគីស្ថានជារដ្ឋអ៊ីស្លាម ដែលគ្រប់គ្រងដោយការបកស្រាយតឹងរ៉ឹងរបស់ពួកគេអំពីសាសនាអ៊ីស្លាម។

ទីក្រុងអ៊ីស្លាម៉ាបាដនិយាយថា មេដឹកនាំ TTP បានស្វែងរកការជ្រកកោននៅក្នុងប្រទេសអាហ្វហ្គានីស្ថានជិតខាង ជាកន្លែងដែលពួកគេបានដំណើរការជំរុំ ដើម្បីបណ្ដុះបណ្ដាលពួកសកម្មប្រយុទ្ធអ៊ីស្លាម ដើម្បីបើកការវាយប្រហារនៅក្នុងប្រទេសប៉ាគីស្ថាន។ ចំណែក ទីក្រុងកាប៊ុលធ្លាប់បាននិយាយថា អំពើហិង្សាដែលកើនឡើងនៅក្នុងប្រទេសប៉ាគីស្ថាន គឺជាបញ្ហាក្នុងស្រុករបស់ប៉ាគីស្ថាន គ្មានអ្វីពាក់ព័ន្ធនឹងខ្លូនទេ។

គួរជម្រាបថា ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន មានសភាពកាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានខែថ្មីៗនេះ។ ទីក្រុងអ៊ីស្លាម៉ាបាដនិយាយថា ទីក្រុងកាប៊ុលមិនបានធ្វើគ្រប់គ្រាន់ដើម្បីដោះស្រាយក្រុមសកម្មប្រយុទ្ធ ដែលកំពុងកំណត់គោលដៅប៉ាគីស្ថាននោះទេ៕