(ហ្គាហ្សា)៖ កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុកកណ្តាលតំបន់ហ្គាហ្សានៅថ្ងៃអាទិត្យនេះ បន្ទាប់ពីការវាយឆ្មក់ដ៏សាហាវដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ២៧៤នាក់។ យោងតាមអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាសបានឱ្យដឹងថា រថក្រោះបានចូលទៅក្នុងតំបន់ជាច្រើនទៀតនៃទីក្រុង Rafah ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីបិទផ្នែកមួយនៃទីក្រុងភាគខាងត្បូងមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។
ការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកដ៏ខ្លាំងក្លានេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីកងកុម្មង់ដូអ៊ីស្រាអែល បានសម្រុកចូលជំរំ Al-Nuseirat ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ ដែលត្រូវបានក្រុមហាម៉ាស់ចាប់តាំងពីខែតុលា។
នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយកលនៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា ប្រជាជនប៉ាឡេស្ទីន២៧៤នាក់ត្រូវបានសម្លាប់ កើនឡើងពី ២១០ នាក់កាលពីថ្ងៃសៅរ៍ ហើយ ៦៩៨នាក់បានរងរបួស។ ប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស់នៅហ្គាហ្សាបានគូសបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ខាងលើ មាន៦៤នាក់ជាកុមារ និង ៥៧នាក់ជាស្ត្រី។
ដោយឡែក ការវាយប្រហារនៅថ្ងៃអាទិត្យនេះ រួមមានការវាយប្រហារតាមអាកាសទៅលើផ្ទះមួយក្នុងទីក្រុង Al-Bureij ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ និងជាច្រើននាក់ទៀតរងរបួស។ រថក្រោះអ៊ីស្រាអែលក៏បានបាញ់ផ្លោងផ្នែកខ្លះនៃទីជុំរំ Al-Maghazi និង Al-Nuseirat ផងដែរ។ យោធាអ៊ីស្រាអែលបាននិយាយថា ប្រតិបត្តិការនៅភាគខាងកើតទីក្រុង Bureij និង Deir al-Balah បានបន្តដោយផ្តោតលើខ្មាន់កាំភ្លើងប៉ាឡេស្ទីន និងហេដ្ឋារចនាសម្ព័ន្ធសកម្មប្រយុទ្ធ។
គួរជម្រាបថា កាលពីខែឧសភា កងកម្លាំងអ៊ីស្រាអែលបានចូលទៅក្នុងទីក្រុង Rafah ដើម្បីលុបបំបាត់អង្គភាពប្រយុទ្ធរបស់ពួកហាម៉ាសដែលនៅសេសសល់ ដែលបណ្តាលឱ្យមានការផ្លាស់ទីលំនៅយ៉ាងទូលំទូលាយ។ ទន្ទឹមគ្នានេះកងកម្លាំងអ៊ីស្រាអែល ក៏បានកាន់កាប់តំបន់ព្រំដែនហ្គាហ្សាជាមួយអេហ្ស៊ីប និងស្រុកមួយចំនួននៃទីក្រុង Rafah ដែរ៕