(គៀវ)៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (GUR) បានប្រកាសនៅថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារជាលើកដំបូង ទៅលើយន្តហោះចម្បាំង Su-57 ជំនាន់ចុងក្រោយរបស់រុស្ស៊ី នៅមូលដ្ឋានទ័ពអាកាស Akhtubinsk ក្នុងប្រទេសរុស្ស៊ី ដែលស្ថិតនៅចម្ងាយ រហូតដល់៥៨៩គីឡូម៉ែត្រពីជួរមុខសង្គ្រាមរវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។
នៅក្នុងសារ Telegram របស់ខ្លួន GUR មិនបានបញ្ជាក់ពីរបៀបដែលយន្តហោះ Su-57 ត្រូវបានវាយប្រហារ ឬអង្គភាពណាមួយរបស់យោធាអ៊ុយក្រែនបានធ្វើការវាយប្រហារនោះទេ។ ទោះយ៉ាងណា អ្នកសរសេរប្លុកយោធារុស្ស៊ីដ៏ពេញនិយមមួយរូប ដែលមានឈ្មោះថា Fighterbomber បានបញ្ជាក់ថា របាយការណ៍នៃការវាយប្រហារទៅលើយន្តហោះ Su-57 នោះគឺពិតជាត្រឹមត្រូវ ហើយវាត្រូវបានវាយប្រហារដោយយន្តហោះដ្រូនគ្មានមនុស្សបើក។
ប្រសិនបើការវាយប្រហារនេះត្រូវបានបញ្ជាក់ វានឹងក្លាយជាការខាតបង់លើកដំបូងនៅក្នុងសមរភូមិរបស់ Su-57 ដែលជាយន្តហោះចម្បាំងជំនាន់ទីប្រាំ ដែលបានចូលទៅក្នុងការសង្វាក់ផលិតកម្មជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២ បន្ទាប់ពីការពន្យារពេលការអភិវឌ្ឍជាច្រើនឆ្នាំ។ ហេតុការណ៍នេះបានបង្ហាញពីសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការវាយប្រហារចម្ងាយឆ្ងាយចូលទៅក្នុងទឹកដីរុស្ស៊ី ដោយបានបង្ហាញពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃយន្តហោះគ្មានមនុស្សបើកនៅក្នុងជម្លោះនេះ។
អ្នកយកព័ត៌មានយោធារុស្ស៊ី Alexander Kharchenko បានកត់សម្គាល់ពីកង្វះឃ្លាំងការពារសម្រាប់យន្តហោះបែបនេះ ដោយទទួលស្គាល់ដោយប្រយោលនូវភាពងាយរងគ្រោះ ដែលបានលាតត្រដាងដោយការវាយប្រហារនោះ។ ទាំងអ៊ុយក្រែន និងរុស្ស៊ី បានធ្វើការវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីគ្នាទៅវិញទៅមក ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២៕