(បូហ្គោតា)៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសថារដ្ឋាភិបាលរបស់លោកនឹងផ្អាកការលក់ធ្យូងថ្មទៅឱ្យ អ៉ីស្រាអែល ខណៈកងទ័ពអ៉ីស្រាអែលបន្តធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Gustavo Petro បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងផ្អាកការនាំចេញធ្យូងថ្មទៅកាន់អ៉ីស្រាអែល រហូតទាល់តែ អំពើប្រល័យពូជសាសន៍ត្រូវបញ្ឈប់»។
គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ លោក Petro ដែលបានចាត់ទុកសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាគឺជាអំពើប្រល័យពូជសាសន៍ បានប្រកាសថាកូឡុំប៊ីនឹងកាត់ ផ្ដាច់ទំនាក់ទំនងជាមួយអ៉ីស្រាអែលពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា ហើយបានប្រកាសបើកស្ថានទូតក្នុងទីក្រុង Ramallah ដែនដីប៉ាឡេស្ទីន។ ប្រធានាធិបតីរូបនេះ ក៏បាននិយាយដែរថាទីក្រុងបូហ្គោតា នឹងឈប់ទិញអាវុធផលិតដោយអ៉ីស្រាអែលដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតមួយសម្រាប់កងកម្លាំងកូឡុំប៊ី៕