(ប៉ារីស)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសមរភូមិប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ជាមួយ ការព្រមានថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះអំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បន្ទាប់ពីមេដឹកនាំទាំង២ ជួបពិភាក្សាគ្នាក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមិថុនា (ម៉ោងនៅប៉ារីស)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «(លោក) ពូទីននឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ។ ប្រទេស អឺរ៉ុបទាំងអស់នឹងត្រូវបានគំរាមកំហែង តែយើងនឹងមិនបណ្ដោយឱ្យរឿងបែបនេះកើតឡើងឡើយ»។ ប្រធានាធិបតីអាមេរិករូបនេះបន្តទៀតថា «សហរដ្ឋអាមេរិកនឹងឈរយ៉ាងរឹងមាំ ជាមួយអ៊ុយក្រែន ហើយខ្ញុំសូមនិយាយជាថ្មីម្ដងទៀតថាយើងនឹងមិនដើរទៅណាឆ្ងាយនោះទេ»។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ម៉ាក្រុង ក៏បានអរគុណលោក បៃដិន ផងដែរដែលជាមេដឹកនាំមហាអំណាចលេខ១ នៅលើពិភពលោក សម្រាប់ការធ្វើជាដៃគូដ៏ស្មោះត្រង់ និងផ្ដល់ ការគោរពចំពោះអឺរ៉ុប។
គួរបញ្ជាក់ថា លោក បៃដិន និងលោក ម៉ាក្រុង កាលពីថ្ងៃសុក្រកន្លងទៅនេះ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងទីក្រុងប៉ារីស និងបានសន្យាថានឹង បន្តគាំទ្រដល់បុព្វហេតុរបស់អ៊ុយក្រែន។ លោក ចូ បៃដិន ស្ថិតនៅក្នុងប្រទេសបារាំង ក្នុងដំណើរទស្សនកិច្ចតាំងតែពីថ្ងៃពុធ ដើម្បីចូលរួមក្នុងទិវា D-Day នៃសង្រ្គាមលោកលើកទី២៕