(សេអ៊ូល)៖ កូរ៉េខាងជើង បានចាប់ផ្ដើមបង្ហោះបាឡុងសំរាមចូលក្នុងទឹកដីកូរ៉េខាងត្បូងឡើងវិញ មួយសប្ដាហ៍បន្ទាប់ពីបានសន្យាថានឹងបន្តយុទ្ធនាការនេះសាជាថ្មី ប្រសិនបើ ខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើងត្រូវបានបង្ហោះចេញពីកូរ៉េខាងត្បូងចូលក្នុងទឹកដីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បាឡុងរាប់សិបដែលមានសណ្ដោងសំរាមត្រូវបានប្រទះឃើញក្នុងទីក្រុងសេអ៊ូល និងទីតាំងជាច្រើននៅក្បែរតំបន់ព្រំដែនកាលពីយប់ថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោយយោធាកូរ៉េខាងត្បូងឱ្យដឹងថាកូរ៉េខាងជើងកំពុងបង្ហោះបាឡុងសំរាមទាំងនោះ។ យោធាកូរ៉េខាងត្បូងបាននិយាយថាខ្លួនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបាឡុង និងកំពុងត្រៀមលក្ខណៈចាត់វិធានការសកម្មភាពនៅក្នុងករណីចាំបាច់។ តែមិនបានបញ្ជាក់ថាតើនឹងដាក់ចេញចំណាត់ការបែបណានោះឡើយ។

កូរ៉េខាងត្បូងធ្លាប់បានព្រមានថានឹងចាត់វិធានការវាយបកដោយគ្មានការលើកលែង ប្រឆាំងនឹងកូរ៉េខាងជើងសម្រាប់ការ​បង្ហោះបាឡុងសណ្ដោងសំរាមចូលទឹកដីរបស់ខ្លួន ក្នុងនោះរួមមានទាំងការដំណើរការឡើងវិញនូវឧបករណ៍បំពងសំឡេងរិះគន់របបដឹកនាំលោក គីម ជុងអ៊ុននៅតាមតំបន់ព្រំដែន។

គួរបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងជើង បានអះអាងថាការបង្ហោះបាឡុងសំរាមចូលដីកូរ៉េខាងត្បូង គឺជាការសងសឹកទៅនឹងការបង្ហោះខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ពីសំណាក់ ក្រុមសកម្មជនក្នុងប្រទេសកូរ៉េខាងត្បូង ចូលដីកូរ៉េខាងជើង។ កាលពីថ្ងៃទី២ ខែមិថុនា កូរ៉េខាងជើងបានបញ្ជាក់ថានឹងបញ្ឈប់បញ្ជូនបាឡុងសំរាម ពីព្រោះបាឡុងសំរាមជាង ១៥តោន ត្រូវបានបង្ហោះចូលដីកូរ៉េខាងត្បូង ដែលគ្រប់គ្រាន់ជាការបញ្ជូនសារ។ ក៏ប៉ុន្តែ ព្យុងយ៉ាងក៏បានព្រមានដែរថានឹងចាប់ផ្ដើមយុទ្ធនាការនេះឡើងវិញ ប្រសិនបើខិត្តប័ណ្ណប្រឆាំង កូរ៉េខាងជើងនៅតែត្រូវបានបង្ហោះចេញពីកូរ៉េខាងត្បូងចូលក្នុងទឹកដីរបស់ខ្លួន។

ក្រុមសកម្មជនកូរ៉េខាងត្បូង មិនបានស្ដាប់តាមការព្រមាននេះទេ និងបានបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន រួមទាំង USB ផ្ទុកវីដេអូបទចម្រៀង K-pop ខ្សែភាពយន្ដ និងលុយដុល្លារចូលក្នុងទឹកដីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ៕