(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា បាននិយាយថារូបលោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ ដែលអាចនឹងក្លាយជាបរាជ័យមួយសម្រាប់អ្នកនយោបាយថៃគីឡូធ្ងន់រូបនេះដែលមានសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងដឹកនាំរដ្ឋាភិបាលថៃសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters។

ពាក្យបណ្ដឹងប្រឆាំងនឹងលោក Thaksin ពីបទប្រមាថព្រះមហាក្សត្រត្រូវធ្វើឡើងដោយអ្នកមានភក្ដីភាពចំពោះយោធាថៃ ដែលបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលប្អូនស្រីបង្កើតរបស់លោក គឺលោកស្រី Yingluck Shinawatra ដោយសំអាងលើបទសម្ភាសន៍មួយរបស់លោក Thaksin ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេសកាលពីឆ្នាំ២០១៥។ លោក Thaksin ក៏កំពុងរងការចោទប្រកាន់ ពីបទល្មើសមួយចំនួនទៀតផងដែរ ក្នុងនោះរួមមានទាំងការបំពានលើច្បាប់ស្ដីពីឧក្រិដ្ឋកម្មកុំព្យូទ័រ។

យ៉ាងណាក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ លោក Thaksin បាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងរូបលោកគឺគ្មានមូលដ្ឋានអ្វីទាំងអស់ ហើយថារូបលោកផ្ទាល់នឹងជួបជាមួយ ក្រុមរាជអាជ្ញានៅថ្ងៃទី១៨ ខែមិថុនា ដោយមិនមានការភិតភ័យចំពោះករណីនេះឡើយ ហើយថាត្រៀមខ្លួនជាស្រេចដើម្បីតតាំងក្ដី។

គួរបញ្ជាក់ថា លោក Thaksin មានអាយុ ៧៤ឆ្នាំ បានបដិសេធថាលោកមិនបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ ហើយបានលើកឡើងម្ដងហើយម្ដងទៀតពីភក្ដីភាពចំពោះព្រះមហាក្សត្រថៃ។ លោក Thaksin គឺជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សជាង ២៧០នាក់ផ្សេងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលរងការចោទប្រកាន់ក្រោមច្បាប់ប្រមាថព្រះមហាក្សត្រ និងដែលជា ច្បាប់ដាក់ទោសធ្ងន់ធ្ងរបំផុត ដោយអ្នកល្មើសអាចនឹងជាប់ពន្ធនាគារពី ៣ឆ្នាំ ដល់១៥ឆ្នាំ៕