(ប៉ារីស)៖ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ និងការចូលរួមខួបលើកទី ៨០នៃទិវា D-Day របស់ប្រទេសបារាំង ប្រធានាធិបតី លោក Emmanuel Macron បានទទួលស្វាគមន៍ប្រធាធិបតីអាមេរិក លោក ចូ បៃដិន នៅទីក្រុងប៉ារីស នាថ្ងៃសៅរ៍នេះ ប្រកបដោយភាពរីករាយ ហើយគេរំពឹងថានឹងមានកិច្ចពិភាក្សាអំពីបញ្ហាអ៉ីស្រាអែល ក៏ដូចជាអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ ២០២៤។

ដំណើរទស្សនកិច្ចនេះ ចាប់ផ្តើមពីពិធីមួយនៅឯវិមាន Arc de Triomphe ដោយមេដឹកនាំទាំងពីរបានទៅគោរពផ្នូររបស់អតីតយុទ្ធជន។ អមដំណើរដោយភរិយា លោក បៃដិន និងលោក ម៉ាក្រុង បានជួបរាក់ទាក់ជាមួយអតីតយុទ្ធជនកងទ័ព ដែលចូលរួមជាមួមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ។ បន្ទាប់មក មេដឹកនាំទាំងពីរធ្វើដំណើរឆ្ពោះទៅកាន់វិមានប្រធានាធិបតី Elysee ជាកន្លែងដែលនឹងត្រូវពិភាក្សាគ្នាអំពីបញ្ហាគោលនយោបាយ និងចូលរួមអាហារពេលល្ងាច។ គេរំពឹងថា លោក បៃដិន និងលោក ម៉ាក្រុង នឹងពិភាក្សាគ្នាអំពីការពង្រឹងអង្គការណាតូ (NATO) ហើយផ្តល់ការសន្យាគាំទ្រចំពោះអ៊ុយក្រែន។ ក្រៅពីនេះ លោក បៃដិន និងលោក ម៉ាក្រុង ក៏នឹងធ្វើសន្និសីទស្តីពីស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាផងដែរ។

គួរបញ្ជាក់ថា លោក បៃដិន ធ្លាប់ទទួលស្វាគមន៍លោក ម៉ាក្រុង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅសេតវិមាន កាលពីឆ្នាំ ២០២២។ បើតាមទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បារាំង គឺជាមិត្តភក្តិដ៏ចំណាស់ជាងគេ និងជាសម្ព័ន្ធមិត្តដ៏ជ្រាលជ្រៅបំផុតរបស់សហរដ្ឋអាមេរិក ហើយដំណើរទស្សនកិច្ចនេះនឹងក្លាយជាពេលវេលាដ៏សំខាន់ ដើម្បីគូសបញ្ជាក់ពីសម្ព័ន្ធភាពនោះ រួមទាំងការសម្លឹងមើលទៅអនាគត និងអ្វីដែលត្រូវសម្រេចរួមគ្នា៕